មនុស្ស​៥​នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2017 ក+ ក-

​ប៉ា​គី​ស្ថាន ៖ មន្ត្រី​មូលដ្ឋាន​បាន​និយាយថា ក្រុម​ខ្មាន់កាំភ្លើង​បានសម្លាប់​ពលរដ្ឋ​មូស្លីម​និកាយ​សៀ (Shia) ចំនួន​៥​នាក់​មកពី​សហគមន៍​ជនភាគតិច​ហា​ហ្សា​រ៉ា (Hazara) នៅ​ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​
​ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​ខេត្ត​បា​ឡូ​គី​ស្ថាន​ជាទី​ដែល​ជនជាតិភាគតិច​ហា​ហ្សា​រ៉ា​ជិត​កន្លះ​លាន​នាក់​បាន​តាំងទី​លំនៅ​នៅ​ទីនោះ​តាំងពី​ពួកគេ​បាន​រត់គេច​ពី​អំពើហិង្សា​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលជា​ស្រុកកំណើត​របស់ខ្លួន​កាលពី​៤​ទសវត្សរ៍​មុន​។​
​មន្ត្រីប៉ូលិស​ម្នាក់​បាន​និយាយថា ក្រុម​អ្នក​វាយប្រហារ​បាន​បើក​ការបាញ់ប្រហារ​ពីលើ​ម៉ូតូ​មួយគ្រឿង​ក្រោយពី​បាន​សុំ​ឲ្យ​រថយន្ត​មួយគ្រឿង​ឈប់​នៅតាម​ផ្លូវ​រួចហើយ​។ មន្ត្រីប៉ូលិស​បានបញ្ជាក់​ថា ក្រុម​អ្នក​វាយប្រហារ​បាន​បាញ់សម្លាប់​បុរស​ចំនួន​៥​នាក់​ដែល​កំពុងធ្វើដំណើរ​ទៅ​លក់ដូរ​បន្លែ​នៅ​ផ្សារ​មួយកន្លែង​បន្ទាប់មក​ក្រុម​ខ្មាន់កាំភ្លើង​បាន​រត់គេចខ្លួន ហើយ​មកដល់ពេលនេះ​មិនទាន់មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការបាញ់ប្រហារ​នេះ​នៅឡើយ​ទេ​៕