ម៉ាឡេស៊ី ៖ មនុស្សចំនួន៨នាក់ត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនដោយសង្ស័យថា មានការពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មថ្មីៗនេះពីព្រោះគេមានភស្តុតាងមួយចំនួនបង្ហាញថា សកម្មភាពរបស់ក្រុមជនសង្ស័យទាំងនេះបានបង្កការព្រួយបារម្ភនៅប្រទេសម៉ាឡេស៊ីដែលមានប្រជាពលរដ្ឋពហុជាតិសាសន៍និងពហុសាសនា។
ឧបនាយករដ្ឋមន្ត្រីលោក អះម៉ាដ ហ្សាហ៊ីដ ហាមីឌី បាននិយាយថា គោលបំណងសំខាន់របស់ក្រុមជ្រុលនិយមនេះគឺចង់បង្ហាញឲ្យសាធារណជនចាប់អារម្មណ៍ថា ប្រទេសម៉ាឡេស៊ីមិនមានសិទ្ធិសេរីភាពផ្នែកសាសនានោះទេ។ លោកបានបញ្ជាក់ថា ការចាប់ខ្លួនក្រុមជនសង្ស័យនេះត្រូវបានធ្វើឡើងដោយក្រុមប្រឆាំងភេរវកម្មពិសេសនៅប្រទេសម៉ាឡេស៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារភេរវកម្មនៅប្រទេសនេះ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២៧ខែកញ្ញាដល់ថ្ងៃទី៦ខែតុលា មនុស្សចំនួន៨នាក់ត្រូវបានចាប់ខ្លួននៅតាមតំបន់មួយចំនួននៅប្រទេសម៉ាឡេស៊ីដោយសង្ស័យថា រៀបចំសកម្មភាពភេរវកម្ម កេណ្ឌអ្នកទោសឲ្យចូលរួមក្រុមភេរវករ និងផែនការវាយប្រហារលំនៅឋានពលរដ្ឋគោរពសាសនាអ៊ីស្លាម គ្រឹស្តសាសនា និងសាសនាហិណ្ឌូដើម្បីបង្កើតជម្លោះនៅប្រទេសនេះ៕
ប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនមនុស្ស៨នាក់សង្ស័យពាក់ព័ន្ធនឹងផែនការភេរវកម្ម