ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានជំរុញឱ្យស្ថាប័នផ្សព្វផ្សាយរបស់រដ្ឋទាំងអស់បង្កើនការផ្សព្វផ្សាយអំពីការទប់ស្កាត់ជំងឺអេដស៍ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ដើម្បីផ្តល់ជាសារជូនដល់ប្រជាពលរដ្ឋមានការយល់ដឹង និងមានការប្រុងប្រយ័ត្ននៃការឆ្លងមេរោគអេដស៍បន្ថែមទៀត។
ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារប្រយុទ្ធប្រឆាំងជំងឺអេដស៍របស់ក្រសួង កាលពីព្រឹកថ្ងៃទី១០ តុលានេះនៅទីស្តីការក្រសួងលោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ថាគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍របស់ក្រសួងព័ត៌មាននឹងរៀបចំ យុទ្ធនាការផ្សព្វផ្សាយសារមួយចំនួនពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ ទៅដល់ប្រជាពលរដ្ឋទូទៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែខាងមុខនេះដែលជាពិធីបុណ្យដែលមានប្រជាលរដ្ឋមកលេងកម្សាន្តច្រើននៅភ្នំពេញ។
ឯកឧត្ដមអនុរដ្ឋលេខាធិការបញ្ជាក់ថា បញ្ហាអេដស៍បច្ចុប្បន្ននេះ នៅតែជាបញ្ហាប្រឈម បើទោះបីជាជំងឺអេដស៍នៅកម្ពុជាមានការថយចុះក៏ដោយ តែយើងត្រូវមានការប្រុងប្រយ័ត្ន ហើយត្រូវរួមគ្នាទប់ស្កាត់ជំងឺអេដស៍នេះដើម្បីលប់បំបាត់ជម្ងឺអេដស៍នេះឱ្យបានតាមគោលដៅនៅឆ្នាំ២០២០ខាងមុខ ហើយថា ដើម្បីសម្រេចគោលដៅនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ត្រូវបន្តផ្សព្វផ្សាយអោយបានខ្លាំងក្លាតាមរយៈជាសារអប់រំ តាមកាសែត វិទ្យុ និងការរត់អក្សរតាមកញ្ចក់ទូរទស្សន៍ដែលពាក់ព័ន្ធនឹងជំងឺអេដស៍អោយបានកាន់ច្រើនបន្ថែមទៀត ដើម្បីជា ប្រយោជន៍ដល់សាធារណជនបានយល់ដឹងអំពីផលប៉ះពាល់ និងផលវិបាកដែលបង្ករឡើងដោយជំងឺអេដស៍។ ជាមួយគ្នានេះឯកឧត្ដមបានអំពាវនាវអោយប្រជាពលរដ្ឋដែលគ្រោងមកកំសាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក សូមការពារខ្លួន និងបង្កើនការប្រុងប្រយ័ត្នកុំអោយឆ្លងមេរោគអេដស៍ឱ្យសោះ ពោលគឺសូមកុំនាំអេដស៍ចូលផ្ទះ៕