​បង្ក្រាប​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ប្រណីត​១​គ្រឿង​ដែលបម្រុងឆ្លងទៅវៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2017 ក+ ក-

​ខេត្តរតនគិរី ៖ រថយន្ត​បា​ឡែ​ន​១​គ្រឿង ដែល​បង្កប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​បម្រុង​ឆ្លងដែន​ចេញទៅ​ប្រទេស​វៀតណាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ត្រូវ​កម្លាំងយោធា​១០២ បង្ក្រាបបាន​នៅក្បែរ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។ ការបង្ក្រាប​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​
​តាម​សមត្ថកិច្ច​បានដឹងថា រថយន្ត​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នេះ ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2l-8827 ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​មួយ​រថយន្ត និង​ឆែក​នៅក្នុង​រថយន្ត​រក​ឃើញ​ស្លាក​លេខ​១​គូរ​ថែម​ទៀតផង​។ ដោយឡែក​ម្ចាស់​រថយន្ត​ដែល​បង្ក្រាបបាន​នេះ ត្រូវគេ​ស្គាល់​ថា ជា​មន្ត្រី​សមត្ថកិច្ច​១​រូប​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ​។​
​បច្ចុប្បន្ន​វត្ថុតាង និង​រថយន្ត ត្រូវបាន​កម្លាំងយោធា​ប្រគល់​ទៅ​ឲ្យ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​កែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​ឈើ​មិនទាន់បាន​ធ្វើការ​វាស់វែង​នៅឡើយ​ទេ​៕