វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា មកទល់ពេលនេះ មនុស្ស១៥នាក់ហើយបានបាត់បង់ជីវិត និងច្រើនជាង១៥០នាក់ កំពុងបាត់ខ្លួន ខណៈដែលភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅបានរីករាលដាលពាសពេញភាគខាងជើងរដ្ឋកាលីហ្វរញ៉ ដែលស្ថិតនៅភាគខាងលិចសហរដ្ឋអាមេរិក។
អាជ្ញាធរអាមេរិក ករណីមនុស្សស្លាប់ខាងលើបានកើតមានឡើងនៅក្នុងតំបន់ សូណាម៉ា (Sonama) ០៩នាក់, តំបន់ ណាប៉ា (Napa) ០២នាក់, តំបន់ មិនដូស៊ីណូ (Mendocino) ០៣នាក់, និង តំបន់ យូបាន (Yuba) ម្នាក់ ខណៈមនុស្សលើសពី១៥០នាក់ផ្សេងទៀត បាននិងកំពុងតែបន្តបាត់ខ្លួននៅក្នុងតំបន់ Sonoma។ ជាមួយគ្នានេះមនុស្សជាង៣,០០០នាក់ កំពុងបន្តស្ថិតក្នុងទីជម្រកសុវត្ថិភាពដដែល ខណៈភ្លើងឆេះព្រៃចំនួន ១៧កន្លែង ដាច់ដោយឡែកពីគ្នា បានឆាបឆេះនៅលើផ្ទៃដីប្រមាណ ៤៦,៥០០ហិកតា ទូទាំងរដ្ឋកាលីហ្វរញ៉ា ហើយសំណង់នានា រួមមានទាំង ហាង, មន្ទីរពេទ្យ, និងលំនៅឋានយ៉ាងតិច ២,០០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញផងដែរ៕