ភ្នំពេញ៖ អង្គការវេទិកាព័ត៌មាន និងបណ្ឌិតសភា (Media & Academic Forum-MAF) ដែលជាអង្គការមិនមែនរដ្ឋាភិបាល មានអាណត្តិចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា បានសំដែងការព្រួយបារម្ភចំពោះអំពើបក្ខពួកនិយមរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថាជាអំពើបង្កការពង្រីកអំណាចរបស់ប្រធាននៅក្នុងស្ថាប័ន និងជាហេតុបណ្តាលអោយមានផលប៉ះពាល់ ដល់អារម្មណ៍នៃអ្នកក្រោមបង្គាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មានកម្រាស់២ទំព័រ ចេញផ្សាយថ្ងៃពុធ ទី១១ មីនានេះ អង្គការ MAF បានសរសេរថា លោក អៀង មូលី បានតែងតាំងបងថ្លៃ របស់ខ្លួន ឈ្មោះគង់ រដ្ឋា អោយធ្វើនាយក ខុទ្ទកាល័យប្រធាន ជាអនុប្រធានអាជ្ញាធរ និងជាសមាជិកគណកម្មាធិការដេញថ្លៃ ដែលជាហេតុធ្វើ អោយមានការអាក់អន់ស្រពន់ចិត្តពីសំណាក់មន្ត្រីក្រោមបង្គាប់មួយ ចំនួន និងបានបង្កអោយមាន ការមិនសប្បាយចិត្ត និងការមិនមកបំពេញការងារពីសំណាក់មន្ត្រីមួយចំនួនទៀត។
ប្រភពព័ត៌មានផ្ទៃក្នុងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, អ្នកដែលមិនសប្បាយចិត្តជាងគេ គឺប្អូនប្រុស របស់លោកអៀង មូលី គឺលោកវេជ្ជបណ្ឌិត អ៊ុក វឌ្ឍនា ទីប្រឹក្សាអាជ្ញាធរ។ លោកវេជ្ជបណ្ឌិត អ៊ុក វឌ្ឍនា បានបង្ហើបថា លោកមិនមកធ្វើការនៅអាជ្ញាធរ ដោយសារលោកមិន ពេញចិត្តនឹងលោកអៀង មូលី ដែលតែងតាំងបងប្រុសរបស់ប្រពន្ធលោកអោយមានមុខតំណែងរហូតដល់ទៅ៤ នៅក្នុងអង្គភាព តែមួយ។ លោកបានប្រសាសន៍សំដៅលោក គង់ រដ្ឋា ដែលមានមុខតំណែង ជាជំនួយការ របស់ ប្រធានផង ជានាយកខុទ្ទកាល័យប្រធានផង ជាអនុប្រធានអាជ្ញាធរផង និងជាសមាជិក គណកម្មា ធិការដេញថ្លៃផង ។ ប្រភពផ្ទៃក្នុងមួយផ្សេងទៀត បានប្រាប់សារព័ត៌មានសេរី ដោយសុំមិនបញ្ចេញ ឈ្មោះថា តាមរយៈមុខតំណែងជាអនុប្រធានអាជ្ញាធរ ប្រធានខុទ្ទកាល័យ និងសមាជិកនៃ គណកម្មាធិការ ដេញថ្លៃរបស់អាជ្ញាធរ លោកគង់ រដ្ឋា បានកាន់កាប់របបប្រេងរបស់ថ្នាក់ដឹកនាំទាំងអស់។ សេចក្តីថ្លែងការរបស់អង្គការវេទិកាព័ត៌មាន និងបណ្ឌិតសភា (MAF) នៅបានសំដែងការព្រួយបារម្ភចំពោះការតែងតាំងក្មួយប្រុសរបស់លោក គង់ រដ្ឋា ឬក្មួយប្រុសរបស់ភរិយាលោកទេសរដ្ឋមន្ត្រី អៀង មូលី អោយធើ្វជាប្រធាននាយករដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជំនួសលោក ឈឹម ឃិនដារ៉េត ដែលជាមន្ត្រី ជំនាញផ្នែកហិរញ្ញវត្ថុ ថាជាអំពើពង្រីកអំណាច និងបិទបាំងភាពមិនប្រកត្រតីរបស់ខ្លួនផងដែរ។
យោងតាមព័ត៌មានផ្ទៃក្នុង ដែលសារព័ត៌មានសេរីទទួលបាន គឺថា លោកអៀង មូលី ដែល ចូលចិត្តចាយ វាយប្រាក់របស់រដ្ឋតាមអំពើចិត្ត ដូចការគ្រប់គ្រងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា កាលពី អំឡុងចុងទសវត្សឆ្នាំ១៩៩០ និងដើមទសវត្សឆ្នាំ២០០០ នោះ ធ្លាប់បានបញ្ជាការ ចាយវាយទៅ លោកឈឹម ឃិនដារ៉េត មិនចេញ ដោយហេតុថាលោកឈឹម ឃិនដារ៉េត ជាអ្នកជំនាញ ផ្នែកហិរញ្ញវត្ថុ នោះ ទើបលោកអៀង មូលី និងលោកគង់ រដ្ឋា ឃុបឃិតគ្នាស្នើសុំការផ្លាស់ប្តូរពីថ្នាក់លើ ដោយដាក់ក្មួយ ប្រសារ និងក្មួយប្រុសរបស់ខ្លួន ជំនួសលោក ឈឹម ឃិនដារ៉េត ។ នៅចុងបញ្ចប់ អង្គការវេទិកាព័ត៌មាន និងបណ្ឌិតសភា បានអំពាវនាវអោយស្ថាប័នពាក់ព័ន្ធរាប់ទាំងម្ចាស់ជំនួយផង អោយជួយចូលរួម ឃ្លាំមើល សកម្មភាពមិនប្រក្រតីនេះ ដើម្បីការពារកុំអោយមានការចំណាយថវិកាជំនួយ និងថវិកាជាតិ ខ្ជះខ្ជាយ។ «អង្គការ វេទិការព័ត៌មាន និងបណ្ឌិតសភា សូមអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរសវនកម្ម អង្គភាពប្រឆាំងនឹងអំពើពុករលួយ រួមទាំង បណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងឡាយ មេត្តាជួយតាមដាន និងពិនិត្យមើល ការគ្រប់គ្រងលើការចំណាយថវិកា របស់ស្ថាប័នជាតិមួយនេះ លើខ្ទង់ចំណាយមួយចំនួនដូចជា ការចំណាយលើបេសកកម្ម ក្រៅប្រទេស ដែលឥតប្រយោជន៍ ការចំណាយលើបេសកកម្មក្នុងប្រទេសដែលមិនប្រក្រតី ការចំណាយលើរបប ប្រេងសាំងរបស់ប្រធាន និងអុនប្រធាន រួមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត ដែលប្រើប្រាស់សំដៅ បម្រើផលប្រយោជន៍ឯកជន ។ល។ » ។
គួរជម្រាបផងដែរថា អង្គការវេទិកាព័ត៌មាន និងបណ្ឌិតសភា គឺជាអង្គការមិនមែនរដ្ឋាភិបាល ដឹកនាំដោយលោកឡឹម ពេជ្ញពិសី ដែលជាអតីតទីប្រឹក្សានៃអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ មានឋានៈស្មើរដ្ឋលេខាធិការ ។
លោកបានលាឈប់ពីមុខតំណែងកាលពីចុងឆ្នាំ២០១៤ ដោយសារបញ្ហាសុខភាព និងការមិនពេញចិត្ត នឹងអំពើបក្ខពួកនិយម របស់ប្រធានស្ថាប័ន និងបងថ្លៃរបស់លោក គឺលោកគង់ រដ្ឋា។ អង្គការវេទិកា ព័ត៌មាន និងបណ្ឌិតសភា (MAF) មានបេសកកម្មចូលរួមពង្រឹងសេរីភាព បញ្ចេញមតិ សេរីសារព័ត៌មាន ការពង្រឹងគុណភាពអប់រំ និងការចូលរួមប្រឆាំងនឹងអំពើពុករលួយ នៅកម្ពុជា។
នៅមិនទាន់អាចសុំការបំភ្លឺពីលោកទេសរដ្ឋមន្ត្រី អៀង មូលី និងលោកគង់ រដ្ឋា ប្រធាន និងអនុប្រធាន នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ទេ ប៉ុន្តែកន្លងមក លោកគង់ រដ្ឋា អនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជម្ងឺអេដស៍ និងជាប្រធានខុទ្ទកាល័យលោកអៀង មូលី ធ្លាប់បានចោទលោក ឡឹម ពេជ្ញពិសី តាមរយៈបណ្តាញព័ត៌មានក្នុងស្រុកថា លោកឡឺម ពេជ្ញពិសី មានបំណងបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះរបស់ ប្រធានអាជ្ញាធរ នេះ ។ ទោះជាយ៉ាងណាក្តី លោកគង់ រដ្ឋា បានសារភាពប្រាប់បណ្តាញ ព័ត៌មានក្នុង ស្រុកថា ពិតជាមានសាច់ញាតិ និងបងប្អូនរបស់លោកអៀង មូលី នៅក្នុងស្ថាប័នជាតិមួយនេះមែន ៕
លោក គង់ រដ្ឋា បងថ្លៃលោក អៀង ម៉ូលី