រដ្ឋសភា បើក​សម័យប្រជុំ​ពិនិត្យ​អនុម័ត​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភាជាតិ នៅ​ថ្ងៃទី​១២​ខែតុលា ឆ្នាំ​២០១៧ នេះ នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៩ នីតិកាល​ទី​៥ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៦ ក្រោម​អធិបតីភាព​សម្តេច មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។​
​ ​បើតាម​សេចក្តីជូនដំណឹង បាន​លើកឡើងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែតុលា ឆ្នាំ​២០១៧ កន្លងមកនេះ បានអនុម័ត​លើ​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​សភាពេញអង្គ​លើក​ទី​៩ ដើម្បី​ពិនិត្យ​អនុម័ត​របៀបវារៈ​ចំនួន​៦ រួមមាន​៖
​ ​១ ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥​។​
​ ​២ របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ និង​លើក​ទី​៩​នីតិកាល​ទី​៥​។​
​ ​៣ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម​។​
​ ​៤ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ទូលំទូលាយ និង​កិច្ច​ព្រម ព្រៀង​មួយចំនួនទៀត ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​នេះ រវាង​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍​(​ហៅ​កាត់​ថា អាស៊ាន​) និង​ប្រទេស​ចិន​។​
​ ​៥ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម ស្តីពី​ការទទួល បាន​សុពលភាព នៃ​ប្រកាសនីយបត្រ តក្កកម្ម អឺរ៉ុប រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ប្រកាស នី​យ​ប​ត្រ តក្កកម្ម អឺរ៉ុប​។​
​ ​៦ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា​៣៧ មាត្រា ៣៨ មាត្រា​១០៩ និង​មាត្រា​១៣៦ នៃ​ច្បាប់ ស្តីពី​ប្រកាសនីយបត្រ តក្កកម្ម អឺរ៉ុប ដែលមាន​ប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៣​។​
​ ​សូមបញ្ជាក់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏បាន​អនុម័ត​សមាសភាព លេខាធិការ​សម្រាប់​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ ចំនួន​បី​រូប​ផងដែរ រួមមាន​៖ លោកស្រី ពៅ សាវឿន លោក សត្យា វុ​ធ និង​លោក ឡុង រី​៕