អាមេរិក ៖ អាជ្ញាធរបាននិយាយថា មកទល់ពេលនេះចំនួនមនុស្សស្លាប់បានកើនឡើងដល់២១នាក់ ស្របពេលជាមួយគ្នាលំនៅឋាន និងក្រុមហ៊ុនចំនួន៣៥០០កន្លែងនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកក៏ត្រូវបានបំផ្លាញផងដែរ។
ភ្លើងបានឆេះព្រៃចំនួន២២កន្លែងនៅក្នុងស្រុកចំនួន៩នៅរដ្ឋកាលីហ្វ័រញ៉ា និងបានគ្រប់ដណ្ដប់លើផ្ទៃដីទំហំ៦៨ ៧៩៧ហិកតាគិតចាប់តាំងពីភ្លើងនេះបានឆេះជាលើកដំបូងកាលពីយប់ថ្ងៃអាទិត្យ ហើយមន្ត្រីមូលដ្ឋានបានចាត់ទុកគ្រោះថ្នាក់បានសម្លាប់មនុស្សច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៅក្នុងរដ្ឋនេះ។
ពេលនេះមនុស្សជាង៥៥០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយនៅក្នុងស្រុកសូណូម៉ា ប៉ុន្តែគេមិនច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់ដែលរងគ្រោះដោយភ្លើងឆេះព្រៃនេះ និងប៉ុន្មាននាក់ទៀតដែលមិនបានចុះឈ្មោះក្នុងបញ្ជីជនរងគ្រោះដោយសារគ្រោះថ្នាក់នេះ។
សូមបញ្ជាក់ថា ស្រុកសូណូម៉ានេះគឺជាស្រុកមួយសម្បូរដើមស្រល់ហើយតែងតែរងគ្រោះដោយភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ ប៉ុន្តែភ្លើងឆេះព្រៃលើកនេះគឺមានកម្រិតមួយខ្លាំងជាងពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្ត្រនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា៕