វ៉ាស៊ីនតោន ៖ ភ្នាក់ងារសារព័ត៌មាន The Guardian បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុង ពិចារណាថានឹងធ្វើទស្សនកិច្ចទៅកាន់តំបន់ដកទ័ព នៅបន្ទាត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ក្នុងអំឡុងនៃទស្សនកិច្ចទៅកាន់ប្រទេស កូរ៉េខាងត្បូងក្នុងពេលខាងមុខ ខណៈមានរបាយការណ៍បង្ហាញថា ប្រធានាធិបតីរូបនេះអាចនឹងប្រឈមមុខជាមួយកូរ៉េខាងជើង។
សារព័ត៌មានកូរ៉េខាងត្បូង Yonhap News បានឱ្យដឹងថា តំបន់ដកទ័ពដែលបែងចែកប្រទេស កូរ៉េទាំងពីរ ចាប់តាំងពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់១៩៥៣ នឹងក្លាយជាទីតាំងគោលដៅនៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ ក្នុងតំបន់អាស៊ី។ ក្នុងនោះដែរប្រធានាធិបតីមហាអំណាចរូបនេះក៏គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេស ជប៉ុន ចិន វៀតណាម និងហ្វីលីពីនផងដែរ។
ជាមួយគ្នានេះដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើកដំបូងទៅកាន់ឧបទ្វីបកូរ៉េ ក្នុងនាមជាប្រធានាធិបតីនេះត្រូវបានគេរំពឹងថា គឺជាការបញ្ជូនសារដ៏មុតមាំមួយទៅកាន់ប្រទេស កូរ៉េខាងជើង៕