អាមេរិក ៖ អាជ្ញាធរបាននិយាយថា ចំនួនមនុស្សស្លាប់បានកើនដល់៣១នាក់ហើយដោយសារភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ដែលជាភ្លើងឆេះព្រៃសម្លាប់មនុស្សច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ នេះបើតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ។
អាជ្ញាធរបញ្ជាក់ថា មនុស្សពីរនាក់បន្ថែមទៀតត្រូវគេរាយការណ៍ថា បានស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយនេះបានធ្វើឱ្យចំនួនអ្នកសា្លប់កើនឡើងពី ២៩នាក់ដល់៣១នាក់ ខណៈតំបន់រងគ្រោះខ្លាំងជាងគេ គឺនៅតំបន់ ណាប៉ា (Napa) និង សូណូម៉ា (Sonoma) នៃភាគកណ្ដាលរដ្ឋកាលីហ្វ័រញ៉ា ដោយភ្លើងបានឆាប់ឆេះលើផ្ទៃដី ៥២,០០០ហិកតា និងបង្កផលប៉ះពាល់ដល់តំបន់ផលិតស្រាដ៏ធំផងដែរ។ ទន្ទឹមនោះមនុស្សជាង ៥,០០០នាក់ កំពុងបន្តស្ថិតក្នុងទីជម្រកសុវត្ថិភាពដដែល រីឯក្រុមអ្នកពន្លត់អគ្គីភ័យច្រើនជាង ៨,០០០នាក់ កំពុងតស៊ូប្រយុទ្ធនឹងអណា្ដតភ្លើង៕