ការដកខ្លួន​របស់​អា​មេ​រិ​ក​ចេញពី​យូណេស្កូ​នឹងធ្វើ​ឲ្យ​អាមេរិក​កាន់តែ​ឯកោ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2017 ក+ ក-

វ៉ាស៊ីនតោន ៖ ​ក្រុមអ្នកវិភាគបានលើកឡើង​ថា ការសម្រេចចិត្ត​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ដកខ្លួន​សហ​រដ្ឋ​អាមេរិក ចេញពី​អង្គការ UNESCO គឺជា​សញ្ញា​ថ្មី​ចុងក្រោយ​បំផុត​មួយ ដែល​បង្ហាញ​ពី​ការកើនឡើង នៃ​ភាព​ឃ្លាត​ដាច់​ឆ្ងាយ​ដោយឡែក​ពី​គេ​របស់​អាមេរិក ព្រមទាំង​ដាក់​សម្ពាធ​គាបសង្កត់​របស់​ទីក្រុង​វ៉ាស៊ីនតោន មកលើ​អង្គការ​សហ​ប្រជា​តិ​។ នេះ​បើតាម​ការដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik ។​
​ក្រុមអ្នកវិភាគ​មកពី​សាកលវិទ្យាល័យ​ធំៗ នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ការធ្វើ​បែបនេះ​នឹង​គូសបញ្ជាក់​កាន់តែច្បាស់ ពី​ភាព​ឯកោ​របស់​សហរដ្ឋអាមេរិក នៅក្នុង​អង្គការ​ពិភពលោក​មួយ​នេះ ដោយ​វា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន ទៅលើ​ទីក្រុង​វ៉ាស៊ីនតោន​ផ្ទាល់ ច្រើនជាង​មកលើ​អង្គការ​បេតិកភណ្ឌ​ពិភពលោក UNESCO ខណៈ​ការសម្រេចចិត្ត​ដ៏​ចម្លែក​នេះ នឹង​បង្កើន​ភាព​ឯកោ​របស់​សហរដ្ឋអាមេរិក នៅក្នុង​សហគមន៍​អន្តរជាតិ​។​
​ម្យ៉ាងវិញទៀត ការសម្រេចចិត្ត​ខាងលើ នឹងធ្វើ​ឲ្យ​អាមេរិក​ជាប់គាំង​កាន់តែខ្លាំង នៅក្នុង​រង្វង់​នៃ​ភាព​ឯកោ​ក៏ដូចជា​មន្ទិលសង្ស័យ ពាក់ព័ន្ធ​នឹង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​អង្គការ​អន្តរជាតិ ហើយ​វា​នឹង​បង្ក​ផលវិបាក​ជាខ្លាំង ដើម្បី​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​នេះ​វិញ សម្រាប់​រដ្ឋបាល​ក្រោយ​ថ្មី​ទៀត​។​
​បើតាម​ក្រុម​សាស្ត្រ​ចា​រ្យ​ជំនាញៗ​ដដែល​ថា ការសម្រេចចិត្ត​របស់ លោក ត្រាំ ក្នុង​ការដក​អាមេរិក​ចេញពី​អង្គការ UNESCO គឺ​ស្ថិតក្រោម​ក្របខណ្ឌ​នៃ​យុទ្ធនាការ​របស់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ធ្វើយ៉ាងណា​មិន​ឲ្យ​អង្គការសហប្រជាជាតិ រួមទាំង​អង្គការ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត មាន​ឥទ្ធិពល​ក្នុង​ការជួយ​ប៉ា​ឡេ​ស្ទី​ន ប្រឆាំងនឹង​អ៊ីស្រាអែល​។​
​សូម​រម្លឹកថា ម្សិលមិញ​សហរដ្ឋអាមេរិក​បានប្រកាស​ថា នឹង​ដកខ្លួន​ចេញពី​អង្គការ UNESCO នៅ​ចុងឆ្នាំ​២០១៨​ខាងមុខ ដោយ​ឈរលើ​ហេតុផល​ថា អង្គការ​បេតិកភណ្ឌ​ពិភពលោក​ត្រូវការ​ធ្វើកំណែទម្រង់​ឡើងវិញ ហើយ UNESCO មាន​ទំនោរ​ប្រឆាំងនឹង​អ៊ីស្រាអែល​៕