ខេត្តរតនគិរី ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ហាក់ ហ័ន បានដឹកនាំកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តចុះត្រួតពិនិត្យធ្វើកុសលវិច្ច័យលើសាកសពយុវជន២នាក់បន្ទាប់ពីយុវជនទាំង២នោះបានបាត់បង់ជីវិតនៅក្នុងអណ្តូងរ៉ែមាសក្រុមហ៊ុនមាសស្គូហ្គោលដោយសារធុងយោងរ៉ែដាច់ធ្លាក់ពីលើមកក្រោម។
យុវជន២នាក់ស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ នៅក្នុងក្រុមហ៊ុនធ្វើរ៉ែមាស «មាសស្គូហ្គោ»ត្រង់ចំណុចអណ្តូងរ៉ែមាស។
បើតាមការអោយដឹងពីកម្មករធ្វើការជាមួយគ្នាថា យុវជនទាំង២នាក់រងគ្រោះដោយសារដាច់ធុងយោងអាចម៌ដីធ្លាក់ពីលើបន្ទាប់ពីធុងយោងនោះបានដាក់ស៊ីម៉ងចុះទៅបាតរណ្តៅហើយពេលយោងធុងនោះឡើងមកវិញបានកម្ពស់ប្រមាណជាង២០ម៉ែត្រក៏ដាច់ទឹកអន្សាធ្លាក់មកវិញត្រូវយុវជនទាំង២ដែលនៅខាងក្រោមបណ្តាលឲ្យបាក់ចង្កេះ បាក់ថ្កាមទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ប្រភពបានបន្តថា ជនរងគ្រោះទាំងពីរនាក់បងប្អូនមានឈ្មោះ ទី១ ឆក សារុំ ភេទប្រុស អាយុ២២ឆ្នាំ ទី២ឈ្មោះ ឆក សារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរនាក់ជាបងប្អូនបង្កើតមានទីលំនៅភូមិកប្បា ឃុំមេម៉ង ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ទើបតែមកធ្វើការក្នុងក្រុមហ៊ុននេះបានជាងមួយសប្តាហ៍តែប៉ុណ្ណោះហើយប្រាក់កម្រៃម្នាក់ៗទទួលបាន៣ម៉ឺនរៀលក្នុង១ថ្ងៃ។
បន្ទាប់ពីកើតហេតុខាងក្រុមហ៊ុនបានរាយការណ៍មកសមត្ថកិច្ចនគរបាលខេត្ត ហើយដឹកសាកសពជនរងគ្រោះទាំង២មកវត្តភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដើម្បីប្រគល់ជូនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីដឹកនាំកម្លាំងជំនាញចុះធ្វើកុសលវិច្ច័យ។
បើយោងតាមការឲ្យដឹងពីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តថា ជនរងគ្រោះទាំង២ពិតជាគ្រោះថ្នាក់ដោយសារឧប្បវហេតុខាងលើពិតប្រាកដមែន។
បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចលោកព្រះរាជអាជ្ញារងបានបញ្ចាឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារឫក្រុមហ៊ុនដើម្បីចាត់ចែងបន្ត។
បើតាមការឲ្យដឹងពីតំណាងក្រុមហ៊ុនរ៉ែមាស«មាសស្គូហ្គោ»របស់ក្រុមហ៊ុនឥណ្ឌានោះថា សាកសពទាំង២ត្រូវបានក្រុមហ៊ុនទទួលខុសត្រូវទាំងស្រុងទាំងជួលឡានពេទ្យដឹកសាកសពនិងធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ។ លោកបានបន្តថា ចំណែកការសងសំណងទៅលើសាកសពទាំងពីរលោកមិនទាន់ដឹងថាខាងក្រុមហ៊ុនសងប៉ុន្មាននោះទេ ក៏ប៉ុន្តែលោកដឹងថា ខាងបេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថា ប ស ស និងធានាចិញ្ចឹមម្តាយជនរងគ្រោះអស់មួយជីវិត៕