អគ្គិភ័យ​ឆេះ​ហាង​យីហោ «​អេស ធី ស៊ី កុំព្យូទ័រ​» នៅ​ម្ដុំ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ឆក់យក​ជីវិត​មនុស្ស​៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ហាង​មួយ​មាន​ស្លាក​យីហោ «​អេស ធី ស៊ី កុំព្យូទ័រ​» ស្ថិតនៅ​ម្ដុំ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ នា​យប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​រហូតដល់​៤​នាក់ (​ប្រុស​ទាំងអស់​) ដែល​ស្លាប់​នៅក្នុង​អណ្តាតភ្លើង​ទាំង​កណ្តាលរាត្រី​។
​មន្ត្រី​ដដែល​បន្តថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​តាំងពី​ម៉ោងជាង​១១​យប់​ថ្ងៃ រហូតដល់​ម៉ោង​១ និង​២០​នាទី​យប់​ឆ្លង​ចូល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ ទើប​ពន្លត់​ទាំងស្រុង និង​ជួយ​អន្តរាគមន៍​យក​សាកសព​ចេញពី​ខាងក្នុង​ផ្ទះ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​។ ចំណែក​មូលហេតុ​នៃ​ឆាប់ឆេះ​នេះ​សមត្ថកិច្ច​សង្ស័យថា អាចមកពី​ការឆ្លង​ចរន្តអគ្គិសនី​។​
​ក្នុងនោះដែរ គេ​ក៏​ឃើញ​មាន​វត្តមាន​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​នាយ​ឧ​ត្ត​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​អភិបាលខណ្ឌ និង​មន្ត្រីរដ្ឋបាល​មួយចំនួន ចុះជួយ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​នោះ​ផងដែរ​៕