អាមេរិក បាញ់​មី​ស៊ី​ល​សាកល្បង​ចេញពី​នាវា​ពិឃាត​ដោយ​ជោគជ័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2017 ក+ ក-

​វ៉ាស៊ីនតោន ៖ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​កងទ័ព​ជើង​ទឹក​អាមេរិក កាលពី​ថ្ងៃទី​១៥ ខែតុលា ពោលគឺ​ប៉ុន្មាន​ថ្ងៃ​មុននេះ កង​នាវិក​រួមទាំង​ក្រុម​ជំនាញ​មកពី​ទីភ្នាក់ងារ​ការពារ​មី​ស៊ី​ល​អាមេរិក នៅលើ​នាវា​ពិឃាត USS McFual បាន​បាញ់​សាកល្បង​មី​ស៊ី​ល SM-6 ដោយ​ជោគជ័យ ។​នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែតុលា ឆ្នាំ​២០១៧​។​
​កងទ័ពជើងទឹក​អាមេរិក​បាន​ឲ្យ​ដឹងថា​ការបាញ់​ធ្វើតេស្ត​មី​ស៊ី​ល Standard Missile-6 (SM-6) ចេញពី​នាវា​ពិឃាដ​មួយគ្រឿង ដែលមាន​បំពាក់​ប្រព័ន្ធ​បាញ់​ស្ទាក់​មី​ស៊ី​ល​ផ្លោង Aegis​។​ប៉ុន្តែ​យោធា​អាមេរិក​មិនបាន​បញ្ជាក់ថា មី​ស៊ី​ល​នេះ​បាន​ចាប់​ស្ទាក់​គោលដៅ​ណាមួយ​ដែរ ឬក៏​អត់​ឡើយ​។​
​ដោយឡែក​សម្រាប់​មី​ស៊ី​ល SM-6 ដែល​ត្រូវបាន​ធ្វើតេស្ត​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពី​អំឡុង​ខែសីហា​កន្លងទៅ ចេញពី​នាវាចម្បាំង USS John Paul Jones វិញ​នោះ បាន​កម្ចាត់​ការគំរាមកំហែង​មី​ស៊ី​ល​ផ្លោង​ដោយ​ជោគជ័យ​។​
​គួរ​បញ្ជាក់ថា SM-6 គឺជា​ប្រភេទ​មី​ស៊ី​ល​តែមួយគត់​លើ​លោក ដែលមាន​សមត្ថភាព​ប្រឆាំងនឹង​គោលដៅ ទាំង​នៅលើ​អាកាស​ផង​, នៅលើ​គោក​ផង​, និង​ចាប់​ស្ទាប់​មី​ស៊ី​ល​ផ្លោង​ផង​៕