ខេត្តមណ្ឌលគិរី ៖ ដើម្បីការពារសុខភាព សុវត្ថិភាពចំនីអាហារជូនប្រជាពលរដ្ឋទូទៅ មន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរមូល ដ្ឋាន បានចុះត្រួតពិនិត្យទំនិញ និងចំនីអាហារ ដែលអាជីវករដាក់តាំងលក់នៅតាមផ្ទះលក់ចាប់ហួយ និងនៅ ផ្សារកោះញែក ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
ក្នុងចុះត្រួតពិនិត្យទំនិញនេះ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា គោលបំណងសំខាន់គឺដើម្បីការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ព្រោះកន្លងមកក្រោយពីមន្ត្រីកាំកុងត្រូលធ្វើការណែនាំឃើញថា អាជីវករ និងប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពាក់ព័ន្ធនឹងការប្រើប្រាស់ និងការដាក់តាំងលក់ទំនិញ តែក៏នៅមានអាជីវករមួយចំនួនតូចនៅមិនទាន់យល់ដឹងច្បាស់ផងដែរ។ លោកបានបន្តថា ការត្រួតពិនិត្យនេះបានផ្តោតសំខាន់ទៅលើទំនិញ វេចខ្ចប់ស្រាប់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញគ្មានអនាម័យ គ្មានសុវត្ថិភាព និងទំនិញដែលមានលាយសារធាតុគីមីហាមឃាត់ ។ ក្នុងនោះដែរ មន្ត្រីជំនាញកាំកុងត្រូល បានធ្វើតេស្តរកសាធាតុគីមីបូរ៉ាក់ទៅលើ មីលឿង ប្រហិត យីហឺក្រៀម សសៃគុយទាវ នំបញ្ចុក លត ត្រីងៀត និងបន្ត រកសារធាតុគីមីហាមឃាត់ទៅលើស្ករត្នោត ទឹកសណ្តែកបណ្តុះ ទឹកខ្ញីហាន់ ថែមទាំងពិនិត្យមើលបង្គារស្រស់ មឹកស្រស់ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេ។ បន្ទាប់ពីធ្វើតេស្តរួចមក មន្ត្រីកាំកុងត្រូលបានបន្តស្វែងរក ទំនិញដែលមិនមានគុណភាព ក៏ដូចជាទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលអាជីវករដាក់តាំងលក់នៅផ្សារកោះញែក ជាលទ្ធផលការត្រួតពិនិត្យនេះ ក៏បានរកឃើញនូវភេសជ្ជះចម្រុះចំនួន០៤គីឡូក្រាម ហួសកាលបរិច្ឆេទ ត្រូវបានមន្ត្រីជំនាញធ្វើការដកហូតយកទៅរក្សាទុកដើម្បីធ្វើការដុតកំទេចចោលនៅពេលក្រោយ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យទំនិញនេះដែរ មន្ត្រីកាំកុងត្រូល បានធ្វើការណែនាំបន្ថែម ដល់អាជីវករពាណិជ្ជករឲ្យមានយល់ដឹង និង មានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និង ត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបាន បិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និង អ្នកប្រើប្រាស់ អោយបានយល់ដឹងពីរូបភាពជាបឋម នូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕