ទីបំផុតរុស្ស៊ីចុះហត្ថលេខាដាក់ទណ្ឌកម្មលើកូរ៉េខាងជើង
ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកនេះថា បន្ទាប់ពីប្រទេសចិនបញ្ចេញទណ្ឌកម្មជាច្រើននោះ ពេលនេះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានចុះហត្ថលេខាលើក្រិត្យមួយ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ដើម្បីអនុវត្តន៍ទៅតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។
សេចក្តីសម្រេចដែលមានការចាត់វិធានការជាពិសេស លើវិស័យសេដ្ឋកិច្ចនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹង ការបាញ់សាកល្បងគ្រាប់មីស៊ីល របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកាលពីចុងឆ្នាំ២០១៦កន្លងទៅ។ ប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថា មិនបានបញ្ចេញចំណាត់ការធំដុំណាមួយ ដើម្បីដាក់បន្ទុកលើកូរ៉េខាងជើងនោះឡើយ ដោយសារតែមិនចង់ឲ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តដ៏សំខាន់បំផុត នៅតំបន់អាស៊ីបូព៌ាមួយនេះ៕