បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​២០​នាក់​ និង​១៦០​នាក់​របួស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2017 ក+ ក-

​កា​ប៊ុល ៖ អាជ្ញាធរ​នៅក្នុង​តំបន់​បាន​និយាយកាលពីម្សិលមិញថា មនុស្ស​យ៉ាងហោចណាស់​២០​នាក់​ត្រូវបាន​សម្លាប់ និង​១៦០​នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្បែរ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ប៉ូលិស មួយកន្លែង​ក្នុង​ទីក្រុង ហ្គា​ដែ​ស (Gardez) នៃ​ខេត្ត ផាក​ធា (Paktia) ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​សមាជិក​ម្នាក់​មកពី​ក្រុមប្រឹក្សា ខេត្ត Paktia លោក អា​ឡា​ម ម៉ឺ ប្រា​ហ៍​រ៉ា​ម (Alam Mir Bahram) បាន​បញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ​មាន​គ្នា​ប្រហែលជា ០៦​នាក់ បាន​ដឹកនាំ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ដោយ​ប្រើ​រថយន្ដ​ពីរ​គ្រឿង នៅក្បែរ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ប៉ូលិស និង​បង្ក​ជាការ​ខូចខាត​ធ្ងន់ធ្ងរ​ផងដែរ​។ លោក​បន្តថា ជនរងគ្រោះ នៅក្នុង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នេះ ភាគច្រើន​ជា​ប៉ូលិស និង​ជន​ស៊ីវិល​។
​ទោះបីយ៉ាងណា​នៅ​ពុំទាន់​មាន​ក្រុម​ណាមួយ ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​កំពុង​ដាក់​ការសង្ស័យ លើ​ក្រុម​ឧទ្ទាម​តា​លី​បង់ ដែល​តែងតែ​ដឹកនាំ​សកម្មភាព​វាយប្រហារ​របៀបនេះ ប្រឆាំងនឹង​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​៕