អាជ្ញាធរ​មូលដ្ឋាន​ត្រូវមាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2017 ក+ ក-

​ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ​លោក នួន សុ​ផា​រ័ត្ន ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ រួមគ្នា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​នៅក្នុង​មូលដ្ឋាន ដែល​ខ្លួន​គ្រប់គ្រង​ឱ្យបាន​ល្អ ជៀង​វៀង​ទុក​បញ្ហា​ចោល ដែលនាំឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាក់ថ្នាំង​ចិត្ត ដោយសារ ការមិន​អើពើ​របស់​អាជ្ញាធរ​ដែល​ជា​ម៉ែឪ​ផ្ទាល់​។​
​ការស្នើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២​នៅ​ខណ្ឌ​៧​មករា នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ​។ លោក​អភិបាលរង​បាន​លើកឡើងថា តាមរយៈ​វេទិការ​នៅថ្ងៃនេះ ទទួលបាន​សំនួរ សំណើរ និង​សំណូមពរ​ផ្ទាល់មាត់​ចំនួន​៨ និង​ជា​លាយ​លក្ខ​អក្សរ​ចំនួន​១៥ ដើម្បី​ធ្វើការ​ដោះស្រាយ​ជូន​ពលរដ្ឋ ។ វេទិការ​នេះ​មាន​សារសំខាន់​ណាស់ ដែលជា​ការទទួលខុសត្រូវ​មួយ​របស់​រដ្ឋបាល​ដែនដី នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ដោយ​ត្រង់ៗ​។
​លោក​បញ្ជាក់ថា ការចូលរួម​មតិយោបល់​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ បង្ហាញថា កម្ពុជា​បាន​អភិវឌ្ឍន៍​ខ្លួន​មក​ឆ្ងាយ​ហើយ ពោលគឺ​ប្រទេស​មានការ​រីកចំរើន មាន​សន្តិភាព​ពេញលេញ មាន​សន្តិសុខ សុវត្ថិភាព​យ៉ាង​ល្អប្រសើរ ហើយ​ប្រជាជនមាន​សិទ្ធិ​បញ្ចេញ​មតិយោបល់​ពី​កង្វល់​រួម​ក្នុង​មូលដ្ឋាន ដើម្បីឱ្យ​អាជ្ញាធរ​យកទៅ​ពិនិត្យ​និង​ដោះស្រាយ​ជូន​។ ប៉ុន្តែ​អ្វីដែល​ត្រូវ​ដោះស្រាយ​នៅ​ចំពោះមុខ​គឺ​សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង​សេចក្តីសុខ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​”​។ បញ្ហា​ទាំងនេះ ទាមទា​ឱ្យមាន​ការចូល​រួមសហកា​រ​គ្នា​យ៉ាង​ស្អិតរ​មួ​ត រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ដែល​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​។​
​ជាមួយគ្នា​នោះ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា បើ​ចង់ឱ្យ​មូលដ្ឋាន​ឱ្យបាន​ស្អាត ល្អ លឿង​គឺ​ទាមទា​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​លើ​គ្រប់ផ្នែក ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បីឱ្យ​មូលដ្ឋាន​រស់នៅ​មានការ​អភិវឌ្ឍន៍​។​
​យ៉ាងណា លោក​បញ្ជាក់ថា ស្របពេល​ស្រុកទេស មាន​សុខសន្តិភាព មាន​សុវត្ថិភាព​គ្រប់គ្រាន់ ប្រជាជន​ត្រូវការ​រស់នៅ​មាន​សណ្តាប់​ធ្នាប់ មាន​អនាម័យ​ល្អ មាន​បរិស្ថាន​ស្អាត ជាពិសេស​មានការ​អភិវឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​តាម​មូលដ្ឋាន​ឱ្យបាន​ស្អាត​ល្អ​ផងដែរ​។ ដើម្បីឱ្យ​ការអភិវឌ្ឍ​មូលដ្ឋាន​បាន​អាច​ប្រព្រឹត្តិទៅបាន​ល្អប្រសើរ គឺ​ត្រូវការ​ចាំបាច់​ពី​ការចូលរួម​របស់​ប្រជាជន ហើយ​ប្រជាជន​ក៏ត្រូវ​តែមាន​ការយល់ដឹង​ពី​ការរស់នៅ​ស្អាត និង​ផ្តល់​ក្តី​សុខ​ដល់​អ្នកដទៃ​ផងដែរ​៕