ភ្នំពេញ ៖ ដោយសារប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយពិតជាសំខាន់ណាស់ រាជរដ្ឋាភិបាលក៏បានសម្រេចចិត្តសាងសង់ស្ពានឆ្លងកាត់ទន្លេសាបថ្មីមួយទៀតទុកជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទៅមកឆ្លងកាត់ពីតំបន់ជ្រោយចង្វារផ្លូវជាតិលេខ៦ មកតំបន់ឬស្សីកែវផ្លូវជាតិលេខ៥។
កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលត្រៀមបើកការដ្ឋាននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ខាងមុននេះ។ ស្ពានថ្មីមួយនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមបញ្ជៀសចរាចរណ៍ពីផ្លូវជាតិលេខ៦ ឆ្លងចូលផ្លូវជាតិលេខ៥។
មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងសាងសង់ស្ពានបេតុងអារមេខ្សែកាបឆ្លងកាត់ទន្លេសាប មានទីតាំងឆ្លងទន្លេសាប លើតម្រង់ផ្លូវសាលាដែក ក្នុងខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វាប្រវែង៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង ១,២៥ម៉ែត្រសងខាង កម្ពស់សសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ម៉ែត្រ សសរសម្រាប់ព្យួរខ្សែកាបមានចំនួន ៤សសរ គម្លាតពីគ្នា ១២០ម៉ែត្រ គន្លងខ្សែយានយន្តទទឹង ៣,៧៥ម៉ែត្រ គន្លងធ្វើចរាចរចំនួន ២ខ្សែទៅ ២ខ្សែមក ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រក្នុង១ម៉ោង កម្ពស់នាវាចរក្រោមស្ពាន អតិបរមានៅរដូវវស្សា ១០,៥ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពាន អប្បបរមានៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ ដាក់ស្លាកសញ្ញាចរាចរ។
សូមបញ្ជាក់ថា មុនពេលវត្តមានស្ពានថ្មប្រណីតថ្មីនេះកើតឡើង ក៏មានការសាងសង់ស្ពាន បាឡេមួយខ្សែ ស្របគ្នានឹងស្ពានថ្មថ្មីនេះដែរ ដើម្បីបញ្ជៀសចរាចរ ខណៈស្ពាន មិត្តភាព កម្ពុជា-ជប៉ុន ត្រូវបានបិទការធ្វើចរាចរ ដើម្បីជួសជុលឡើងវិញដែលមានរយៈពេលរហូតដល់ទៅ២ឆ្នាំនោះ។ ស្ពានបាឡេនេះ នឹងរំដោះការកកស្ទះចរាចរ ពីរាជធានីភ្នំពេញ ទៅផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ បន្ទាប់ពីសាងសង់ហើយនៅប៉ុន្មានខែខាងមុខនេះ៕