អាមេរិក ៖ បញ្ជីឈ្មោះជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនជាងគេរបស់ទស្សនាវដ្ដីហ្វប (Forbes) បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានថយចុះអស់ជាង៦០០លានដុល្លារអាមេរិកមកនៅត្រឹម៣,១ពាន់លានដុល្លារអាមេរិក ដែលជាលទ្ធផល លោក ត្រាំ បានធ្លាក់មកនៅចំណាត់ថ្នាក់ទី២៤៨នៅក្នុងបញ្ជីឈ្មោះនោះបន្ទាប់ពីជាប់ចំណាត់ថ្នាក់ទី១៥៦កាលពីឆ្នាំទៅ។
ទស្សនាវដ្ដីហ្វប (Forbes) បាននិយាយថាការធ្លាក់ចុះទ្រព្យសម្បត្តិរបស់លោក ត្រាំ គឺដោយសារទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងញូវយ៉កដែលកំពុងតែយ៉ាប់យ៉ឺនជាពិសេសទីតាំងលក់រាយ, ការចំណាយទៅលើបណ្ដឹង និងការចំណាយដ៏ច្រើនទៅលើយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត។
ស្ថាបនិកក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) លោក ប៊ីល ហ្គេត (Bill Gates) បានស្ថិតនៅចំណាត់ថ្នាក់ទី១ក្នុងបញ្ជីឈ្មោះនោះ២៤ឆ្នាំជាប់គ្នាជាមួយទ្រព្យសម្បត្តិ៨៩ពាន់លានដុល្លារអាមេរិក ខណៈដែលស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក (Facebook) លោក ម៉ាក ហ្សាក់ឃឺប៊ឺក (Mark Zuckerberg) ស្ថិតនៅចំណាត់ថ្នាក់ទី៤ជាមួយទ្រព្យសម្បត្តិ៧១ពាន់លានដុល្លារអាមេរិក។
សម្រាប់ឆ្នាំនេះទ្រព្យសម្បត្តិសរុបរបស់ជនជាតិអាមេរិកដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទាំង៤០០នាក់មានចំនួន២,៧ពាន់លានលានដុល្លារអាមេរិកកើនឡើងជាងឆ្នាំទៅដែលមានចំនួនសរុបតែ២,៤ពាន់លានលានដុល្លារអាមេរិកប៉ុណ្ណោះ៕