ចិន​នឹងមិន​លើកលែង​ចំពោះ​រាល់​ផែនការ​ផ្តាច់ខ្លួន​របស់​កោះ​តៃវ៉ាន់​ឡើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2017 ក+ ក-

ប៉េកាំង ៖ ថ្លែង​នៅក្នុង​ពិធី​បើក​សមាជ​បក្សកុម្មុយនិស្ត​ចិន​កាលពី​ម្សិលមិញ ប្រធានាធិបតី​ចិន​លោក ហ្ស៊ី ជីន​ពីង (Xi Jinping) ថា ប្រទេស​ចិន​នឹងមិន​លើកលែង​ចំពោះ​រាល់​ផែនការ​ផ្តាច់ខ្លួន​ណាមួយ​របស់​កោះ​តៃវ៉ាន់​ឡើយ រាល់​ការប៉ុនប៉ង​ណាមួយ​ដើម្បី​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​នឹងត្រូវ​ជួប​ជាមួយ​ការប្រឆាំង​។​
​លោក​បញ្ជាក់ថា នៅ​ចំពោះមុខ​ប្រតិភូ​ជាង​២​ពាន់​នាក់​ដែល​បាន​ចូលរួម​ក្នុង​សមាជ​ថា ប្រទេស​ចិន​មាន​ទំនុកចិត្ត និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំបែក​ការប៉ុនប៉ង​ផ្តាច់ខ្លួន​របស់​កោះ​តៃវ៉ាន់​នៅ​គ្រប់​ទំរង់​ទាំងអស់​។ លោក​អះអាងថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​នៅក្នុង​ទីក្រុង​ប៉េកាំង​គឺជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់​របស់​ប្រទេស​ចិន​។​
​សូមបញ្ជាក់ថា លោក ហ្ស៊ី ដែល​បាន​ក្លាយជា​មេដឹកនាំ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១២​នោះបាន​នឹង​កំពុង​ពង្រឹង​អំណាច ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​នៅ​បន្ត​ធ្វើជា​ប្រធាន​បក្សកុម្មុយនិស្ត​ចិន​ដដែល​៕