ភ្នំពេញ ៖ ទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ខែតុលានេះ បានរៀបចំធ្វើនៅមហោស្រពចេនឡា សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដើម្បីស្តាប់នូវអ្វីដែលកង្វល់ និងការចង់បានរបស់ប្រជាពលរដ្ឋ ក្នុងកាកែលម្អរសហគមន៍ឱ្យកាន់តែល្អប្រសើរ លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាននិងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
វេទិកាសាធារណៈនេះបានធ្វើឡើងក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក លី ណារុន អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌទួលគោក និងមន្ត្រីរាជការក្រោមឱវាទជាច្រើនរូបទៀត។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា វេទិការថ្ងៃនេះបានដោះស្រាយនូវ សំនួរ សំណើរ និងសំណូមពរផ្ទាល់ មាត់ចំនួន១៣ ស្មើនិង១៧បញ្ហា ហើយនៅសល់ សំណួរ សំណូមពរ ជាលេខលាក់អក្សរចំនួន៧៤ទៀត នឹងត្រូវដោះស្រាយជាបន្តបន្ទាប់ តែទាមទាឱ្យមានការពិនិត្យ ពិភាក្សាគ្នា ឱ្យបានហ្មត់ចត់ ជាមួយមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋាន។
ជាមួយគ្នានោះ លោកអភិបាល ស្នើឱ្យប្រជាពលរដ្ឋ ចូលរួមលើកជាមតិយោបល់អំពីអ្វីដែលជាកង្វល់របស់បងប្អូនឱ្យបានច្រើន ជាងការលើកឡើងរបស់មេភូមិ ឬ ចៅសង្កាត់ វាអាចនឹងមិនត្រូវចិត្តរបស់ប្រជាពលរដ្ឋ ហើយបញ្ហាមួយចំនួនគឺសង្កាត់ ឬ ខណ្ឌ ជាអ្នកសម្របសម្រួល និងដោះស្រាយជូន ប៉ុន្តែបើអាជ្ញាធរមូលដ្ឋានដោះមិនចេញ អាចលើកមកនៅពេលនេះ ដើម្បីយើងដោះស្រាយនៅចំពោះមុខទាំងអស់គ្នា តែយ៉ាងណាសុំកុំយកវេទិការនេះ កេងចំណេញផ្នែកនយោបាយ ឬ ផលប្រយោជន៍បក្សពួក និងផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក ឃួង ស្រេង បញ្ជាក់ថា វេទិការសាធារណៈនេះ គឺមានគោលបំណង បង្កើតឱកាសឱ្យប្រជាពលរដ្ឋ លើកនូវចំណុចអវិជ្ជាមាន មកកែលំអរ រដ្ឋបាលថ្នាក់ក្រោម ពិសេសលើការបំរើ សេវាសាធារណៈ និងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តឱ្យបានល្អ។ លោក ស្នើឱ្យមន្ត្រីទាំងអស់យកចិត្តទុកបំរើប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព និងដោយសុទ្ធចិត្ត និងមិនយកប្រាក់ ព្រោះនេះជាបទបញ្ជានិងជាគោលការរបស់រាជរដ្ឋាភិបាល។ ដោយឡែក ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនា សម្ព័ន្ធ ការកកស្ទះចរាចរ នោះជារឿងរដ្ឋបាលរាជធានីភ្នំពេញជាអ្នកដោះស្រាយ។
ទាក់ទិននិងបញ្ហានេះ លោក ម៉ប់ សារិន បានអោយដឹងថា វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ ផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ទោះទិទាន រិះគន់យ៉ាងណាក៏ដោយ គឺពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ៕