នៅថ្ងៃពុធនេះ តុលាការថៃ បានសម្រេចដាក់ទោស ឪពុកម្តាយ របស់អតីតមហេសីនៃទាយាទថៃ ឱ្យជាប់ឃុំឃាំងក្នុងពន្ធនាគារ ពីបទបានប្រមាថព្រះមហាក្សត្រ។ នេះអាចចាត់ទុកជាវគ្គចុងក្រោយនៃដំណើររឿងតុលាការប្រឆាំងនឹង ក្រុមគ្រួសារអតីតមហេសីនៃអង្គបុត្រាស្នងរាជ្យថៃ។ មហេសីដែលបានបោះបង់ងារទៅធ្វើជារាស្ត្រសាមញ្ញ តាំងពីចុងឆ្នាំ២០១៤មក។
សម្រាប់ចៅក្រម ជនជាប់ចោទទាំងពីរគឺ លោក អាភីរុជ អាយុ៧២ឆ្នាំ និងអ្នកស្រី វ៉ាន់ថានី អាយុ៦៦ឆ្នាំ ពិតជាបានជេរប្រមាថរាជានិយម និងដែលត្រូវតែថ្កោលទោស ដាក់ពន្ធនាគារ៥ឆ្នាំ។ ក៏ប៉ុន្តែតុលាការបានបន្ធូរបន្ថយទោស ដោយសម្រេចដាក់ទោសឪពុកម្តាយរបស់អតីតមហេសីនៃទាយាទថៃ ត្រឹមពីរឆ្នាំនិង៦ខែ។
ជនជាប់ទោសទាំងពីរ ក៏បានឆ្លើយសារភាព ថាពិតជាបានប្រើប្រាស់ឥទ្ធិពលនិងអំណាចជាប់សែរាជវង្សទៅប្តឹង ផ្តល់តុលាការឱ្យកាត់ទោសអ្នកជិតខាងម្នាក់ជាប់ពន្ធនាគារអស់១៨ខែ កាលពី១០ឆ្នាំមុន។
មានសមាជិកគ្រួសារ នាង ស្រ៊ីរស្មី ជាអតីតមហេសីនៃរាជទាយាទថៃ ចំនួនយ៉ាងហោចណាស់៨នាក់ផ្សេង កំពុងជាប់ក្នុងសវនការ ឬកាត់ទោសរួចហើយពីបទប្រមាថព្រះមហាក្សត្រ ដែលច្បាប់ដ៏តឹងតែងជាងគេបំផុត អាចនាំជនជាប់ចោទឱ្យជាប់ពន្ធនាគារដល់១៥ឆ្នាំ។ ក្រៅពីឪពុកម្តាយ បងស្រី បងថ្លៃ និងបងប្អូនប្រុសពីរនាក់ ព្រមទាំងក្មួយប្រុសម្នាក់ទៀតក៏កំពុងជាប់ពាក់ព័ន្ធក្នុងសំណុំរឿង ប្រមាថព្រះចេស្តាព្រះមហាក្សត្រនេះដូចគ្នា។ ឪពុកមាដែលជាមេដឹកនាំជាន់ខ្ពស់ក្នុងជួរប៉ូលិស ទើបត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ។
សំណុំរឿងតុលាការប្រឆាំងនឹងក្រុមគ្រួសាររបស់អតីតមហេសីនៃទាយាទ ថៃ បានផ្ទុះឡើងខណៈដែលបរិបទនៃការស្នងរាជ្យបន្តពី ព្រះមហាក្សត្រភូមិបុល ព្រះជន្ម៨៧ឆ្នាំ មានលក្ខណៈមិនប្រាកដប្រជា។ រាល់ព័ត៌មានទាក់ទងនឹងត្រកូលរាជវង្ស ត្រូវរងការត្រួតពិនិត្យជាស្វ័យប្រវត្តិ សូម្បីតែប្រព័ន្ធឃោសនាបរទេស មានការិយាល័យនៅថៃ ក៏រងគំនាប ក្រោមហេតុផលតែមួយគឺការអនុវត្តច្បាប់ប្រឆាំងនឹងការប្រមាថ រាជានិយម ដែលរបបសឹក យកធ្វើជាសំអាងតាំងពីបានឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារខែឧសភា ២០១៤មក៕ RFI
ព្រះនាង ស្រ៊ី រស្មី ជាយាទីបីរបស់ព្រះរាជបុត្រវិជ្ចរ៉ា ឡុងកន សុំលាចេញពីងាររាជង្សដែលមានន័យស្មើការលែងលះជាមួយព្រះរាជបុត្រ ស្នងរាជ្យ