រាជធានីភ្នំពេញ ៖ តាមព័ត៌មានទទួលបានគឺក្រុមមន្ត្រីធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី បាន ស្នើទៅអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកដែលបានថតរូបអាក្រាតនៃសពរបស់តារាចម្រៀង សាន ស្រីឡៃ ចែកចាយក្នុងបណ្ដាញសង្គម ។ មន្ត្រីទាំងនោះបានចាត់ទុកទង្វើបែបនោះធ្វើឲ្យប៉ះពាល់ដល់បូរណភាពនៃសាកសព និងស្ត្រីផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា ។
លោកស្រី រស់ សុភាព នាយិកាអង្គការយ៉េនឌី និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) ត្រូវបានវិទ្យុក្នុងស្រុកមួយដកស្រង់សំដីថា នៅថ្ងៃទី១៩ ខែតុលានេះថា ការថត និងចែកចាយរូបអាក្រាតរបស់ជនរងគ្រោះ ជាពិសេសស្ត្រី មិនមែនមានតែករណីតារាចម្រៀង សាន ស្រីឡៃ តែម្នាក់នោះទេ។ លោកស្រីថា ករណីបែបនេះ កើតឡើងជាញឹកញាប់ទៅលើស្ត្រី ដែលរងគ្រោះដោយសាររំលោភផ្លូវភេទ អំពើហិង្សា និងឃាតកម្មជាដើម។
លោកស្រី រស់ សុភាព ហៅទង្វើរបស់អ្នកបង្ហាញរូបអាក្រាតស្ត្រីបែបនេះថា ជាការរំលោភបំពានទៅលើសេចក្ដីថ្លៃថ្នូររបស់សព ក្រុមគ្រួសារ និងស្ត្រីផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា។ លោកស្រី ស្នើទៅអាជ្ញាធរចាត់វិធានការច្បាប់លើបុគ្គលដែលបង្ហាញរូបអាក្រាតតារាចម្រៀងរូបនោះ ដោយថាកុំឲ្យបន្តកើត មានឡើងទៀតនៅក្នុងប្រទេសកម្ពុជា ៕