ម៉ានីល ៖ បើទោះជាទីក្រុងម៉ារ៉ាវី (Marawi) ត្រូវបានរំដោះចេញពីកណ្តាប់ដៃក្រុមបណ្តាញភេរវករគាំទ្រ ISIS នៅភាគខាងត្បូងប្រទេសក៏ដោយ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅតែអះអាងថា ច្បាប់អាជ្ញាសឹកនៅខេត្តនោះនៅតែស្ថិតជាធរមានដដែលដើម្បីរក្សាសុវត្ថិភាពរបស់ជនស៊ីវិលនានា នៅក្នុងខេត្តនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនាព្រឹកថ្ងៃសុក្រនេះ។
លោក ឌូតឺតេ បានបញ្ជាក់ថា ច្បាប់អាជ្ញាសឹក នឹងស្ថិតនៅរហូតដល់ក្រុមភេរវករទាំងអស់នៅតំបន់ភាគខាងត្បូង ត្រូវបានបោសសម្អាត។ នៅពេលដែលខ្ញុំបានដាក់ច្បាប់អាជ្ញាសឹក គ្រប់គ្នាបានសួរថា តើពេលណាវានឹងបញ្ចប់? ខ្ញុំនឹងដកចេញនៅពេលណាដែលភេរវករចុងក្រោយត្រូវបានកម្ចាត់ ។
សូមបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសជាឱឡារឹកនូវការដណ្តើមបានមកវិញទាំងស្រុង ចំពោះទីក្រុង ម៉ារ៉ាវី (Marawi) ស្ថិតនៅក្នុងប្រជុំកោះ មីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន ពីកណ្តាប់ក្រុមឧទ្ទាមកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧ ខណៈដែលការប្រកាសអំពីជ័យជម្នះដ៏ធំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរយៈពេល ១៤៨ថ្ងៃ ដែលសង្គ្រាមដ៏ក្តៅគគុកនៅភាគខាងត្បូងហ្វីលីពីននេះ បានអូសបន្លាយដែលជាហេតុបង្កឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិតរួមមានទាំងយោធា ជនស៊ីវិល និងក្រុមឧទ្ទាមគាំទ្រ ISIS ផងដែរ៕