ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ជំនួយរបស់សហភាពអឺរ៉ុប(EU)ជួយមកដល់ប្រទេសកម្ពុជា លើផ្នែកអប់រំ ពិតជាចំគោលដៅយ៉ាងពិតប្រាកដ។
ផ្លែងក្នុងពិធីសម្ពោធកម្មវិធី សហប្រតិបត្តិការបែលហ្ស៊ិក រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧ដល់២០២១ របស់អង្គការក្រៅរដ្ឋាភិបាល របស់សហភាព អឺរ៉ុប នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថា ជំនួយដែលសហភាព អឺរ៉ុបផ្តល់ឲ្យពិតជាត្រឹមត្រូវមែនទែន ហើយចំណុចដែលផ្តោតនោះ គឺលើវិទ្យាសាស្ត្រ គណិតវិទ្យា”។ ហើយកម្ពុជានឹងបង្កើតគំនិតថ្មី នៅក្នុងវិស័យបច្ចេកវិទ្យា ខណៈដែលជំនួយដែលផ្តល់ដោយ EU បានជួយបណ្តុះបណ្តាលឲ្យមានជំនាញ ចំណេះដឹងនិងជួយឲ្យមានឥរិយាបថល្អ។
លោករដ្ឋមន្ត្រីបន្តថា តាមរយៈការជួយជ្រោមជ្រែងពី EU និងបែលហ្ស៉ិក នឹងធ្វើឲ្យកម្ពុជាបានសម្រេចគោលដៅក្នុងវិស័យអប់រំ ក្រោយពីបញ្ចប់សង្គ្រាម និងបានធ្វើឲ្យកម្ពុជាមានការរីកចំរើនផងដែរ។
ទាក់ទិននឹងការផ្តល់គម្រោង៥ឆ្នាំនេះ លោក ហ្វីលីព គ្រីឌែលកា (Philippe Kridelka)ឯកអគ្គរាជទូតនៃព្រះបាទព្រះមហាក្សត្រ នៃប្រជាជនប៊ែលហ្ស បានមានប្រសាសន៍ថា ដោយមើលឃើញថា ប្រទេសកម្ពុជាមានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការអភិវឌ្ឍន៍ និងត្រូវការអភិវឌ្ឍបន្ថែមលើវិស័យសំខាន់ៗមួយចំនួនទៀត ទើបរដ្ឋាភិបាលប៊ែលហ្សិក តាមរយៈ EU បានសម្រេចផ្តល់ថវិកាមួយចំនួនដល់អង្កការចំនួន៩នៅក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្តនូវគម្រោង៥ឆ្នាំនេះ។ តាមរយៈគម្រោង៥ឆ្នាំនេះដែរ គ្រោងចំណាយថវិកាប្រមាណជា២០លានយូរ៉ូ ទៅលើខេត្តគោលដៅមួយចំនួន ដោយផ្តោតទៅលើវិស័យ អប់រំ សុខាភិបាល កសិកម្ម ការពាធនធានធម្មជាតិ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ជាដើម៕