គែរ ៖ មន្ត្រីសន្តិសុខ និងសុខាភិបាលអេហ្ស៊ីបបានអះអាងថា មានហេតុការណ៍ប៉ះទង្គិចគ្នាមួយដោយអាវុធជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមក្នុងតំបន់ បាហារីយ៉ា (Bahariya) នៅលើវាលខ្សាច់ភាគខាងលិចប្រទេស បណ្តាលឲ្យកងកម្លាំងយោធា និងប៉ូលិសអេហ្ស៊ីបយ៉ាងតិច៣៥នាក់បាត់បង់ជីវិត។ នេះបើតាម ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅព្រឹកថ្ងៃសៅរ៍នេះ។
ហេតុការណ៍នេះដែរ ក្រុមឧទ្ទាមជ្រុលនិយមមួយក្រុមមានឈ្មោះថា ហាសម៍ (Hasm) បានចេញមុខអះអាងថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ និងបាននិយាយថា មន្ត្រីសន្តិសុខអេហ្ស៊ីបយ៉ាងហោចណាស់ ២៨នាក់បានស្លាប់ និង៣២នាក់ ផ្សេងទៀតបានទទួលរងរបួស។
ជាមួយគ្នានេះក្រសួងមហាផ្ទៃអេហ្ស៊ីប បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្រុមភេរវករមួយចំនួនក៏បានស្លាប់ផងដែរ តែមិនបានផ្តល់តួលេខជាក់លាក់អំពីជនរងគ្រោះ ឬមួយក៏ព័ត៌មានលម្អិតបន្ថែមនោះឡើយ។
សូមបញ្ជាក់ថា ចាប់តាំងតែពីកងកម្លាំងយោធាអេហ្ស៊ីប បានទម្លាក់អតីតប្រធានាធិបតី លោក មូហាមម៉ាដ មឺស៊ី (Muhammad Mursi) ដែលមានប្រភពមកពីក្រុម Muslim Brotherhood មក ក្រុមសកម្មប្រយុទ្ធបានបង្កើនសកម្មភាពវាយប្រហាររបស់ពួកគេ ជាបន្តបន្ទាប់ទៅលើកងទ័ពក៏ដូចជាប៉ូលិសអេហ្ស៊ីប៕