រាជធានីភ្នំពេញ ៖ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ឡុង ប៊ុន្នី ប្រចាំមណ្ឌលព្រៃវែង ដាក់លិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ខណៈដែលការប្រកាសនេះធ្វើឡើងភ្លាមៗបន្ទាប់ពីការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីការចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ទាំងតំណាងរាស្ត្រ ចៅសង្កាត់ មេឃុំ ឬជំទប់ ឬជំទប់ ឬសមាជិករបស់គណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤ពាន់នាក់ នៅសាលមហោស្រពកោះពេជ្រថា នៅពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់ មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែលប្រសិនបើ ពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បង្ហាញជំនឿចិត្តរហូតដល់ជាង៩៩ភាគរយថា គណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយ ហើយមិនអាចយកសហគមន៍អន្តរជាតិមកដាក់សម្ពាធបាននោះឡើយ៕