តូក្យូ ៖ សារព័ត៌មាន NHK ចេញផ្សាយនៅព្រឹកនេះថា គណបក្សសេរីនិយមប្រជាធិបតេយ្យ នៃលោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បន្តឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីផ្អែកលើជ័យជម្នះនេះ នឹងបើកផ្លូវឱ្យលោក ស៊ីនហ្សូ អាបេ ធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញសន្តិនិយម អនុម័តដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៤៧ ក៏ដូចជាពង្រឹងអំណាចរបស់លោកកាន់តែធំនៅសភា ក្នុងនាមជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេ ប្រឈមមុខនឹងការកើនឡើងនៃភាពតាន តឹងជាមួយកូរ៉េខាងជើង។
យោងតាមលទ្ធផលចេញផ្សាយដោយ NHK គណបក្សសេរីប្រជាធិបតេយ្យ (LDP) និងគណបក្ស Komeito ទទួលអាសនៈ ៣១២កៅអី ក្នុងចំណោមអាសនៈសរុប ៤៦៥កៅអី នៅក្នុងការបោះឆ្នោតសភាជាន់ទាប មុនអាណត្តិកាលពីថ្ងៃអាទិត្យ។ ក្រោយការប្រកាសលទ្ធផលថា គណបក្សខ្លួនទទួលសំឡេងពីរភាគបីនៅក្នុងសភាជាន់ទាប លោក អាបេ បានសន្យាភ្លាមថា លោកនឹងដោះស្រាយយ៉ាងម៉ឺងម៉ាត់ជាមួយ ទីក្រុងព្យុងយ៉ាង ដែលកំពុងមានភាពជឿនលឿនទៅមុខលើបច្ចេកវិទ្យាមីស៊ីល និងអាវុធនុយក្លេអ៊ែរ៕