រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរតាមរយៈ Facebook របស់សម្តេចនៅថ្ងៃនេះ ដោយបានថ្លែងនូវការដឹងគុណ ចំពោះព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ។
តាមរយះ Facebook សម្តេចបានបញ្ជាក់ថា «ថ្ងៃនេះ គឺជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែលបាននាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ ពិតប្រាកដណាស់ គឺយើងចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់ និងបូជាគ្រប់យ៉ាង ដើម្បីឯករាជ្យជាតិ និងសន្តិភាពជាតិខ្មែរ»។
សម្តេចបានបន្តថា «ទន្ទឹមនឹងដំណោះស្រាយសន្តិភាព ដែលផ្សាភ្ជាប់ជាមួយនយោបាយឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដែលធ្វើឲ្យខ្មែរគ្រប់និន្នការឈ្នះទាំងអស់គ្នា។ ដោយសារសន្តិភាព និងនយោបាយ ឈ្នះ-ឈ្នះនេះហើយ ដែលបានផ្តល់ឱកាសគ្រប់យ៉ាងឲ្យកម្ពុជា បានកសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើនមកទល់សព្វថ្ងៃនេះ។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ»។
សម្តេច ហ៊ុន សែន ថ្លែងថា នៅក្នុងឱកាសនៃថ្ងៃដ៏វិសេសវិសាល នៃខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ បានជូនពរជនរួមជាតិទាំង ក្នុងនិងក្រៅប្រទេស សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា និងអរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាស អភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនរុងរឿង៕