ជប៉ុន ៖ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅព្រឹកនេះថា មនុស្សពីរនាក់បានស្លាប់ រីឯប្រព័ន្ធដឹកជញ្ជូនជាច្រើនត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន បន្ទាប់ពីខ្យល់ព្យុះទីហ្វុង ឡាន់ (Lan) បានវាយប្រហារមកលើតំបន់ភាគកណ្ដាល និងបក់បោក មកលើដីគោកប្រទេសជប៉ុន រហូតមកទល់នឹងព្រឹកថ្ងៃចន្ទនេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ជនរងគ្រោះជាបុរសទាំងពីរនាក់ខាងលើ ម្នាក់មានអាយុ ៦៣ឆ្នាំ ស្លាប់នៅក្នុងទីក្រុង ហ្វ៊ូគូអូកា (Fukuoka) និងម្នាក់ទៀតមានអាយុ ៧០ឆ្នាំ នៅឯខេត្ត យ៉ាម៉ាគូជិត (Yamaguchi)។
បើតាមអាជ្ញាធរឧតុនិយមជប៉ុនបាននិយាយថា នៅព្រឹកថ្ងៃចន្ទនេះព្យុះទីហ្វុងដ៏កំណាចមួយបានធ្វើដំណើរទៅកាន់កោះសំខាន់ៗមួយចំនួននៅភាគខាងលិចប្រទេសជប៉ុនដោយនាំមកនូវការធ្លាក់ភ្លៀងខ្លាំងនៅទីនោះធ្វើឲ្យមនុស្សយ៉ាងតិចចំនួន៥នាក់រងរបួសស្រាល។
ព្យុះទីហ្វុងឡាន (Lan) បានធ្វើដំណើរក្នុងល្បឿនថិរអតិបរមា១៦០គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅភាគកណ្ដាលប្រទេសជប៉ុនហើយបានដំណើរទៅភាគឦសានឆ្ពោះទៅរកទីក្រុងតូក្យូនៃប្រទេសជប៉ុន។
ដោយឡែកក្រុមអ្នកជួយសង្គ្រោះកំពុងជួយប្រជាពលរដ្ឋគ្មានផ្ទះសម្បែងមួយចំនួននដែលកំពុងរស់នៅតាមច្រាំងទន្លេនៅក្នុងទីក្រុងកាវ៉ាសាគីក្រោយពីជំរំរបស់ពួកគេត្រូវបានទឹកជន់លិច។ ក្រៅតែពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធជើងហោះហើរ ៣៥០ជើង ត្រូវបានលុបចោលកាលពីថ្ងៃអាទិត្យ និង១៧០ជើង នៅថ្ងៃចន្ទនេះ។ ចំណែកឯអ្នកដំណើរ ៤៣,០០០នាក់ បានទទួលរងផលប៉ះពាល់ពីការលុបចោលទាំងនេះផងដែរ។
មន្ត្រីអាជ្ញាធរបានចេញសេចក្ដីព្រមានពីការបាក់ស្រុតដីនិងទឹកជំនន់ព្រមទាំងប្រាប់ឲ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលរស់នៅតំបន់ស្ថិតនៅភាគខាងលិចនិងភាគកណ្ដាលប្រទេសជប៉ុននិងទីក្រុងតូក្យូនៅមុនពេលព្យុះទីហ្វុងនេះធ្វើដំណើរទៅដល់តំបន់ទាំងនេះ៕