ភ្នំពេញ៖ លោក ជា សុខហៀង ចៅក្រមស៊ើប សួរតុលាការសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណា ចក្រកម្ពុជាឲ្យទៅឆ្លើយបំភ្លឺក្នុងសំណុំរឿងអំពើហិង្សានៅលើកំណាត់ផ្លូវវេងស្រេងនៅម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ខាងមុខនេះ។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ដីកាបង្គាប់របស់លោក ជា សុខហៀង បានផ្ញើជូនលោក ជា មុនី កាលពីថ្ងៃទី០២ ខែសីហា នៅថ្ងៃទី១១ ខែកញ្ញា នេះ បានភ្ជាប់លោក ជា មុនី ទៅនឹងអំពើហិង្សាដោយចេតនា ស្ថានទម្ងន់ទោស ធ្វើឲ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស, គំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដោយភ្ជាប់នូវបញ្ហាអ្វីមួយ និងប្រើមធ្យោបាយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ។
ប្រភពបន្តថា ករណីនេះកើតឡើងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
គួររំលឹកថា ហិង្សាបានផ្ទុះឡើងក្នុងសកម្មភាពតវ៉ាទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ របស់កម្មករ-កម្មការិនី កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៣ ដោយមានការដង្ហែក្បួនតាមដងផ្លូវ និងបិទផ្លូវជាបន្តបន្ទាប់រយៈពេលជាច្រើនថ្ងៃ នោះ បានឈានដល់ការផ្ទុះអំពើហិង្សា យ៉ាងធ្ងន់ធ្ងររវាងកងកម្លាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ាលើផ្លូវវេងស្រេង។ ការផ្ទុះអំពើហិង្សានេះ បណ្តាលឲ្យក្រុមអ្នកតវ៉ា៤នាក់ស្លាប់ ហើយក្រុមសមត្ថកិច្ច និងក្រុមអ្នកតវ៉ាជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល៕
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា