ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុស២នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈតាមបងទៅដាក់ទ្រូនៅស្រែ ។ ករណីគួរតក់ស្លុតនេះកើតឡើងនៅវេលាម៉ោង១ថ្ងៃត្រង់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចប្រឡាយខាងលិចភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា ក្មេងជនរងគ្រោះទាំង២នាក់ ៖ ទី១ឈ្មោះ ធឿម ចាន់ថាត់ ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ទី២ឈ្មោះ រី សារឿម ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិ ក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោក រស់ សំបូរ បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុនោះម្តាយកុមាររងគ្រោះទាំង២នាក់បានជាប់រវល់ទៅដង្ហែសពយាយរបស់កុមាររងគ្រោះយកទៅបូជានៅឯវត្ត។ ម្តាយឪពុកក្មេងទាំង២ក្រោយពីវិលត្រឡប់មកវិញបានត្រឹមឱបសពកូនយំសោកស្តាយប៉ុណ្ណោះ។
កុមាររងគ្រោះទាំង២ត្រូវបានឪពុក ម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរៀងៗខ្លួន៕