រាជធានីភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនលោក សម រង្ស៊ី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានចេញនូវវីដេអូឃ្លីបមួយ ខណៈដែលខ្លឹមសារខ្លះៗ ដែលលោកបាននិយាយធ្វើឲ្យគេកត់សម្គាល់ថា លោកចាប់ផ្តើមសង្ស័យលើលោក កឹម សុខា ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារត្រពាំងថ្លុង។
លោក សម រង្ស៊ី បាននិយាយថា « ឥឡូវនេះលោក កឹម សុខា គឺស្ថិតនៅក្រោមការគំរាមកំហែង ។ ដូច្នេះរាល់សេចក្តីសម្រេច ឬសេចក្តីប្រកាសអ្វីមួយរបស់លោក កឹម សុខា យើងជឿ ជាក់ថា មិនមែនជាសេចក្តីសម្រេចរបស់គាត់ពិតប្រាកដនោះទេ » ។ លោកបន្តថា បើគាត់មានសេរីភាពពេញលេញ គឺគាត់ច្បាស់ជាមិនធ្វើអ្វីតាមគេបង្គាប់បញ្ជារឲ្យគាត់ធ្វើនោះទេ ។ លោកថា មានអ្នកខ្លះកំពុងយក ឈ្មោះលោក កឹម សុខា ទៅប្រើប្រាស់ ដើម្បីទាក់ទាញមន្ត្រីគណបក្សសង្គ្រោះជាតិឲ្យចុះចូល ជាមួយបក្សកាន់អំណាច!….។
លោក សម រង្ស៊ី បាននិយាយថា យើងមិនព្រមដាច់ខាតរាល់ការសម្រេចទាំងឡាយណា របស់លោក កឹម សុខា នៅពេលដែលលោក កឹម សុខា ពុំមានសេរីភាពគ្រប់គ្រាន់ ។លោកថា រាល់ការសម្រេចរបស់គណបក្សសង្គ្រោះជាតិ គឺមានតែគណកម្មាធិការអចិន្ត្រៃយ៍គណបក្សទើប ធ្វើសេចក្តីសម្រេចចិត្តបាន ។
ការប្រកាសរបស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីចរន្តនៃការចុះចូលរបស់មន្ត្រីថ្នាក់លើ និងមន្ត្រីថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ទៅចូលរួមជីវភាពនយោបាយជាមួយ CPP កាន់តែច្រើនឡើងៗ បើទោះជាមន្ត្រីមួយចំនួនបានធ្វើការរារាំងតាមគ្រប់រូបភាពក៏ដោយ ។
តាមព័ត៌មានទទួលបានមន្ត្រីភាគច្រើនរបស់គណបក្សសង្គ្រោះជាតិ បានទទួលសារណែនាំពីមន្ត្រីជំនិតរបស់លោក កឹម សុខា ដែលផ្តាំផ្ញើឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ចុះចូលជាមួយបក្សប្រជាជនកម្ពុជាទៅ ដើម្បីរក្សាតំណែង និងអនាគតនយោបាយ ព្រោះគណបក្សសង្គ្រោះជាតិនឹងត្រូវរលាយនៅពេលឆាប់ៗ ខាងមុខនេះហើយរឿងក្បត់ជាតិ ។
ព័ត៌មានខាងលើនេះ បានធ្វើឲ្យលោក សម រង្ស៊ី កើតមន្ទិលយ៉ាងខ្លាំង ចំពោះលោក កឹម សុខា ដែលអាចនិយាយថា លោក កឹម សុខា កំពុងតែត្រូវរ៉ូវគ្នាជាមួយថ្នាក់ដឹកនាំបក្សកាន់ អំណាច ហើយបង្កើតឆាកល្ខោននយោបាយនេះឡើង ដោយលោក កឹម សុខា សុខចិត្តទទួលយកទោសក្បត់ជាតិ ជាថ្នូរនឹងអ្វីមួយ ។
ទាក់ទងព័ត៌មាននេះ គេគួរតែរម្លឹកទៅអតីតកាលបន្តិចនៅពេលដែល Facebook សីហា បានទម្លាយសម្លេងឆ្លើយឆ្លងរវាងសម្តេច ហ៊ុន សែន និងលោក កឹម សុខា ក្នុងការរៀបចំសេណា នីយោ ទាញទម្លាក់លោក សម រង្ស៊ី ពីប្រធានគណបក្សសង្គ្រោះជាតិ ហើយតំណែងប្រធាន គណបក្សសង្គ្រោះជាតិត្រូវដណ្តើមកាន់កាបដោយលោក កឹម សុខា ។ បើយើងបានស្តាប់ និងពិចារណាទៅលើសម្លេងឆ្លើយឆ្លងនោះ គឺសម្តេច ហ៊ុន សែន និងលោក កឹម សុខា ជាមនុស្សក្នុងក្រុមជាមួយគ្នា ហើយរួមគ្នាកម្ចាត់លោក សម រង្ស៊ី ៕