សូម៉ាលី ៖ អាជ្ញាធរសូម៉ាលីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន២៥នាក់បានស្លាប់នៅការវាយប្រហារបំផ្ទុះគ្រាប់បែកពីរ នៅក្នុងរដ្ឋធានី Mogadishu ពោលគឺតែពីរសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី មនុស្ស៣៥៨នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុត នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វ្រិកមួយនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។
យោងតាមអាជ្ញាធរនៅក្នុងតំបន់បានថ្លែងថា ក្រុមសកម្មប្រយុទ្ធជាច្រើននាក់បានដឹកនាំការវាយប្រហារបំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្ដ កាលពីថ្ងៃសៅរ៍ សំដៅទៅលើសណ្ឋាគារមួយកន្លែង ខណៈគ្រាប់បែក ទីពីរត្រូវគេបំផ្ទុះ នៅក្បែរអតីតវិមានសភានៅជិតនោះ ដោយបានផ្ដាច់យកអាយុជីវិតមនុស្ស២៥នាក់ និងជាច្រើននាក់ទៀតរងរបួស។
ភ្លាមៗនោះដែរក្រុមឧទ្ទាម al-Shabab មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានចេញអះអាងថា ខ្លួនអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកទាំងពីរលើកនេះ ហើយថាខ្លួនជ្រើសរើសគោលដៅនៃការវាយប្រហារនេះ ពីព្រោះវាទីប្រជុំជនសម្បូរមន្ត្រីសន្តិសុខ និងអ្នកនយោបាយ៕