មេដឹកនាំ​កាតា​ឡូ​ណា​ជំរុញ​ឲ្យ​តស៊ូ​ប្រឆាំង​របប​គ្រប់គ្រង​ក្រុង​ម៉ា​ឌ្រី​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2017 ក+ ក-

​អេ​ស្ប៉ា​ញ ៖ មេដឹកនាំ​ចលនា​ឯករាជ្យ​តំបន់​កាតា​ឡូ​ណា លោក Carles Puigdemont បាន​ថ្លែង​ប្រឆាំង​ទៅនឹង​សេចក្ដីសម្រេច​របស់​រដ្ឋា​ភិ​បាល​កណ្ដាល​អេ​ស្ប៉ា​ញ ដែល​បាន​បណ្ដេញ​រូបលោក​ចេញពី​តំណែង ដោយ​ជំរុញ​ឲ្យ​តស៊ូ​ប្រឆាំង​ក្នុង​លក្ខណៈ​ប្រជាធិបតេយ្យ ចំពោះ​ការគ្រប់គ្រង​ដោយផ្ទាល់ ដែល​ត្រូវ​បានដាក់​តំបន់​នេះ ដើម្បី​បញ្ឈប់​ការប៉ុនប៉ង​បំបែក​ខ្លួន​ចេញពី​អេ​ស្ប៉ា​ញ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​នៅក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍ លោក Puigdemont បាន​ចោទ​រដ្ឋាភិបាល​ក្រុង​ម៉ា​ឌ្រី​ត​ថា បាន​ជាន់ពន្លិច​ឆន្ទៈ​របស់​ប្រជាជន​កាតា​ឡូ​ណា​ដែល​ចង់បាន​ឯករាជ្យ​។ លោក​ថ្លែងបន្តថា ការសម្រេចចិត្ត​របស់​ក្រុង​ម៉ា​ឌ្រី​ត​ដណ្ដើម​អំណាច​ពី​តំបន់​កាតា​ឡូ​ណា​បង្កើត​ទៅជា «​ការឈ្លានពាន​»​។​
​ជាមួយគ្នា​នោះ​មេដឹកនាំ​ផ្ដាច់ខ្លួន​រូបនេះ​បាន​និយាយថា ការជំទាស់​តាមបែប​ប្រជាធិបតេយ្យ គឺជា​វិធី​ទៅមុខ​តែមួយគត់ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​អំពី​ទម្រង់​នៃ​ការជំទាស់​ដែល​លោក​អាច​ប្រកាន់យក​នោះឡើយ​៕