​អ៊ីរ៉ង់​អះអាងថា​នឹង​បន្ត​ផលិត​គ្រាប់​មី​ស៊ី​ល​ដើម្បី​ការពារ​ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2017 ក+ ក-

​តេ​ហេ​រ៉ង់ ៖ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស្សាន រួ​ហា​នី (Hassan Rouhani) បាន​អះអាងថា អ៊ីរ៉ង់​នឹង​បន្ត​ផលិត​មី​ស៊ី​ល​ទុក​សម្រាប់​ការពារ​ខ្លួនឯង ត្បិត​ការធ្វើ​បែបនេះ​មិនមែនជា​ការរំលោភបំពាន​លើ កិច្ចព្រមព្រៀង​អន្តរជាតិ​ឡើយ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សភា​អាមេរិក បាន​បោះឆ្នោត​លើ​ទណ្ឌកម្ម​ថី្ម​មួយ ប្រឆាំងនឹង​កម្មវិធី​មី​ស៊ី​ល​អ៊ីរ៉ង់ ខណៈ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​បញ្ជាក់ថា ទីក្រុង​តេ​ហេ​រ៉ង់ បាន​គោរព​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ឆ្នាំ​២០១៥​។​
​លោក Rouhani បាន​បញ្ជាក់ថា «​យើង​បាននិងកំពុង​បន្ត​ផលិត គ្រាប់​មី​ស៊ី​ល​ទុក​សម្រាប់​ការពារ​ខ្លួនឯង ព្រោះថា ការធ្វើ​បែបនេះ​មិនមែនជា​ការរំលោភបំពាន លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​អ្វី​នោះទេ​… មួយវិញទៀត អ្នក (​សហរដ្ឋអាមេរិក​) មិនបាន​យកចិត្តទុកដាក់ ចំពោះ​កិច្ចចរចា និង​កិច្ចព្រមព្រៀង​នាពេល​កន្លងមក ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ​។ ដូច្នេះ​តើ​អ្នក​គិតថា មាន​អ្នកដទៃ​ឯណា​នឹង​ចរចា​ជាមួយ អ្នក​ទៀត​? ហើយ​ដោយសារតែ​ច​រិ​ក​របៀបនេះ សហរដ្ឋអាមេរិក​គួរតែ​បំភ្លេច​រាល់​ការប៉ុនប៉ង ស្វែងរក​កិច្ចចរចា​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​»​។ ទន្ទឹម​នោះ​ប្រធានាធិបតី​អ៊ីរ៉ង់​រូបនេះ ក៏បាន​ចំអក​ដែរ​ថា បើ​នៅតែ​ប្រកាន់​ច​រិ​ក​ដូច​សព្វថ្ងៃ សហរដ្ឋអាមេរិក​គួរតែ​បំភ្លេច​រាល់​ការប៉ុនប៉ង​ស្វែងរក​កិច្ចចរចា ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ដូចជា​កូរ៉េខាងជើង​ជាដើម​៕