ម៉ាឌ្រីត ៖ សារព័ត៌មានរុស្ស៊ី Sputnik ចេញផ្សាយថា អគ្គរដ្ឋអាជ្ញាអេស្ប៉ាញកំពុងរៀបចំឯកសារដើម្បីធ្វើការចោទប្រកាន់ចំពោះករណីបង្កការបះបោរទៅលើអតីតមេដឹកនាំកាតាឡាន លោក ខាឡែស ភីកដឺម៉ុន (Carles Puigdemont) ដែលត្រូវរដ្ឋអំណាចអេស្ប៉ាញទម្លាក់ពីតំណែង បន្ទាប់ពីបានចូលរួមក្នុងការចេញសេចក្តីប្រកាសឯករាជ្យ ដោយឯកតោភាគីរបស់ សភានៃតំបន់ស្វយ័តកាតាឡាន (Catalonia) កាលពីថ្ងៃសុក្រសប្តាហ៍មុន។
បើតាមច្បាប់របស់ប្រទេសអេស្ប៉ាញ ការបះបោរគឺជាបទឧក្រិដ្ឋមួយ ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រយៈពេលរហូតដល់ទៅ ៣០ឆ្នាំ ហើយពាក្យបណ្តឹងចោទប្រកាន់ពីបទល្មើសនេះ នឹងត្រូវធ្វើឡើងប្រឆាំងនឹងលោក Puigemont នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់) បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីត បានសម្រេចប្រើអំណាច គ្រប់គ្រងដោយផ្ទាល់ទៅលើតំបន់កាតាឡាន។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាហ្សយ (Mariano Rajoy) បានប្រកាសដកមុខតំណែង លោក Carles Puigdemont និងរដ្ឋាភិបាលតំបន់កាតាឡាន កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ហើយបានអំពាវនាវឲ្យមានការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំថ្មី សម្រាប់តំបន់ស្វយ័តនេះ នាថ្ងៃទី២១ ខែធ្នូខាងមុខ។ ជុំវិញរឿងនេះ លោក Puigdemont បានអះអាងមិនទទួលស្គាល់ ការចេញបញ្ជាឲ្យដកហូតសិទ្ធិអំណាចរបស់លោកនេះឡើយ ហើយរូបលោក ក៏ថែមទាំងបានប្រកូកប្រកាស ឲ្យមានការតស៊ូប្រឆាំងក្នុងលក្ខណៈប្រជាធិបតេយ្យ តបតនឹងទង្វើរបស់រដ្ឋាភិបាលអេស្ប៉ាញផងដែរ៕