រាជធានីភ្នំពេញ ៖ ប្រធានខុទ្ទកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា បានធ្វើការបដិសេធ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបានច្រានចោលលិខិតចំហជូនសមាជិក សមាជិកាអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាលោក កឹម សុខា ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ។
យោងតាមលិខិតចំហរមួយច្បាប់ដែលមានចុះហត្ថលេខាដោយលោក កឹម សុខា អមដោយ ចំណារគ្រីសរបស់លោក អ៊េង ឆៃអ៊ាង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ដែលផ្ញើរជូនទៅសមាជិក សមាជិកាអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បានសរសេរថា នាពេលថ្មីៗនេះ មានចរន្តបំបែក សម្លេងអ្នកប្រជាធិបតេយ្យក្នុងគណបក្សសង្គ្រោះជាតិ ដែលទង្វើនេះត្រូវបានបង្ហាញច្បាស់តាម រយះវីដេអូក្លីបរបស់លោក សម រង្ស៊ី ដែលអំពាវនាវមិនឲ្យទទួលស្គាល់នូវរាល់សេចក្តីសម្រេច របស់ខ្ញុំក្នុងនាមប្រធានគណបក្សសង្គ្រោះជាតិ ដែលស៊ីសង្វាក់គ្នានឹងលិខិតលាលែងពីមន្ត្រីស្និទ្ធ នឹងលោក សម រង្ស៊ី ពីបេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ។
ខ្ញុំសូមប្រកាសជាឱឡារឹកថា ខ្ញុំ កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិ ស្រប ច្បាប់ហេតុនេះ ខ្ញុំមានសិទ្ធិសម្រេចក្នុងនាមប្រធានគណបក្សនូវរាល់កិច្ចការរបស់គណបក្ស សង្គ្រោះជាតិ និងសូមអំពាវនាវលោក សម រង្ស៊ី បញ្ឈប់ជាបន្ទាន់នូវសកម្មភាពញុះញង់បំបែក បំបាក់សម្លេងអ្នកប្រជាធិបតេយ្យតទៅទៀត ។
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយខ្ញុំ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នឹងនៅតែបន្តជំហររឹងមាំជាមួយបងប្អូនអ្នកប្រជាធិបតេយ្យក្នុងគោលបំណងរបស់យើងគឺការផ្លាស់ប្តូរតាមរយៈការបោះឆ្នោតនាពេលខាងមុខ ។
លោក មុត ចន្ថា ក្នុងនាមជានាយកខុទ្ទកាល័យរបស់លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ បានធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះលិខិតនេះ ។ លោកថា នេះជាលិខិតក្លែងក្លាយយ៉ាងពិតប្រាកដ ព្រោះ លោក កឹម សុខា ពុំដែលបានចេញលិខិតបែបនេះឡើយ។ ច្បាស់ជាងនេះទៀត លិខិតនេះបានបន្លំហត្ថលេខាខ្លី ឬគ្រីហ្វរបស់ ឯកឧត្តម អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលគាត់ពេលនេះពុំមានវត្តមាននៅក្នុង ប្រទេសឡើយ ៕