រាជធានីភ្នំពេញ ៖ ក្រោយការបើកសវនាការសួរដេញដោលនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ តុលាការកំពូល បានសម្រេចតម្កល់សាលដីកាសភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ។
សវនាការព្រឹកមិញនេះគេក៏សង្កេតឃើញមានអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រ មួយចំនួនផងដែរ តែមិនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ ដោយមានការយាមកាមយ៉ាងតឹងរឹងពីកងកម្លាំងសមត្ថកិច្ច។
កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោក កឹម សុខា ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ពីបទ «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ៕