កងទ័ព​អ៊ីរ៉ាក់ វាយ​ចូលទៅ​ដល់ទី​តាំងរបស់​ពួក​ជី​ហាត​រដ្ឋ​អ៊ីស្លាម ក្នុង​ក្រុង ទី​គ្រី​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2015 ក+ ក-

​ចាប់ តាំង ពី​ខែមិថុនា ឆ្នាំ​២០១៤ ទីក្រុង​ទី​គ្រី​ត ដែល​ស្ថិតនៅ​ចំងាយ ប្រមាណ​ជា​១៦០​គីឡូម៉ែត្រ ពី​រដ្ឋធានី​បា​កដាត បាន​ធ្លាក់​ចូលទៅក្នុង​ការគ្រប់គ្រង​របស់​ពួក​ជី​ហាត​រដ្ឋ​អ៊ីស្លាម​។ កងកម្លាំង រដ្ឋាភិបាល​អ៊ីរ៉ាក់ ដោយមាន​ការចូលរួម ពី​ក្រុម​ប្រយុទ្ធ​ឈី​អ៊ី​ត​ជាច្រើន​ក្រុម​ទៀត បានធ្វើការ​វាយបក​យ៉ាងសកម្ម ក្នុង​រយៈពេល ១០​ថ្ងៃ​ចុង​ក្រោយនេះ ហើយ​មកដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ កងកម្លាំង​អ៊ីរ៉ាក់ បាន​ចូល​ទៅដល់​ភាគ​ខាងជើង​ក្រុង ទី​គ្រី​ត​ហើយ​។

ទោះបីជា​យ៉ាងណា មានការ​ព្រួយបារម្ភ​ថា ការប្រឈមមុខ​ដាក់គ្នា នៅក្នុង​ក្រុង​នេះ អាច​នឹង​បង្ក​ឲ្យ​មាន អ្នកស្លាប់​ច្រើន ខាង​ភាគី​កងទ័ព​អ៊ីរ៉ាក់ ដោយសារតែ​ក្រុម​ជី​ហាត​អ៊ីស្លាម បាន​បង្កៃ​គ្រាប់បែក ពាសពេញ​ទីក្រុង​នេះ​។​
​តាម រយៈ​ព័ត៌មាន​ចុងក្រោយ ដែល​ទទួលបាន គឺ​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ទើបតែ​បាន វាយលុក​ចូលទៅ​ដល់​ភាគ​ខាងជើង ក្រុង​ទី​គ្រី​ត​ប៉ុណ្ណោះ​។ វា​មិនមែន​មានន័យថា កងទ័ព​អ៊ីរ៉ាក់ បាន​ដណ្តើមយក​ទីក្រុង​នេះ ទាំងមូល​ទេ​។ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​គេ​មានការ​ត្រេកអរ គឺ​ដោយសារ ក្នុង​រយៈពេល ១០​ថ្ងៃ​ចុង​ក្រោយនេះ កងទ័ព​អ៊ីរ៉ាក់ មាន​សន្ទុះ​ខ្លាំង ហើយ​បាន​វាយ​រំកិល យ៉ាង​ឆាប់រហ័ស ចូលទៅក្នុង​ក្រុង ទី​គ្រី​ត ដែល​ស្ថិតក្រោម​ការកាន់កាប់ របស់​ពួក​ជី​ហាត​អ៊ីស្លាម តាំងពី​ខែ មិថុនា​ឆ្នាំទៅ ម្លេះ​។​

​ក្រុង​ទី​គ្រី​ត​៖​សមរភូមិ​គ្រោះថ្នាក់​សម្រាប់​កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​
​គ្រោះថ្នាក់​នៅមាន​ច្រើន​ទៀត សម្រាប់​កងទ័ព​អ៊ីរ៉ាក់ ព្រោះថា​ការប្រឈមមុខ​ដាក់គ្នា នៅក្នុង​ទីក្រុង​ដែលមាន អាគារ មាន​ផ្លូវ​ក្រឡុក​ក្រ​លៀត វា​ខុសពី​ការបាញ់​ដាក់គ្នា នៅតាម​ទីវាល ដែល​យើង​អាច​មើលគ្នា​ឃើញ ដោយ​ស្រួលៗ​។ បើតាម​ការប៉ាន់ស្មាន កងទ័ព​អ៊ីរ៉ាក់ មាន​ច្រើន​ពាន់​នាក់ ដែល​បាន​ចូល​មកដល់​ក្រុង​ទី​គ្រី​ត​នេះ ប៉ុន្តែ​ពួក​ជី​ហាត​អ៊ីស្លាម មាន​មិន​ច្រើន​ទេ ប្រមាណ​ជា ៣ ទៅ ៤ រយ​នាក់​ប៉ុណ្ណោះ​។ គ្នា​វា​តិចជាង​មែនពិត ប៉ុន្តែ ពួកនេះ មាន​ល្បិច​ខ្ពស់​ណាស់​។ ពួកនេះ បាន​ប្រើប្រាស់ អ្នកបាញ់​កាំភ្លើង ស្នាយ​ភើ ពីលើ​ដំបូលផ្ទះ ហើយ​និង​ដាក់​គ្រាប់បែក​បង្កៃ សឹងតែ​គ្រប់​ទីកន្លែង​ទាំងអស់​។ ដូច្នេះ កងទ័ព​អ៊ីរ៉ាក់​ត្រូវតែមាន​ការប្រុងប្រយ័ត្ន ជាទីបំផុត ពុំ​នោះទេ ច្បាស់​ជា​ស្លាប់​គរ​ជើង​មិន​ខាន​។​

​ជាក់ស្តែង គ្រាន់តែ​ថ្ងៃ​ពុធ ទី​១២ មិនា នៅពេលដែល កងទ័ព​អ៊ីរ៉ាក់ បាន​ចូល​មកដល់​ជាយក្រុង​ទី​គ្រី​ត​ភ្លាម មាន​ឡាន​បង្កៃ​គ្រាប់បែក ផ្ទុះ ដល់​ទៅ ១២ កន្លែង ខុសៗ​គ្នា ហើយ​ក្នុងចំណោម​នេះ មាន​៧ ជាការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​។ គ្រាន់តែ​ថ្ងៃទី​មួយ មាន​មនុស្ស​ស្លាប់ ១៧​នាក់ ហើយ​ជាង​៤០​នាក់​ទៀត របួសធ្ងន់​ទៅហើយ​។ ហើយ​បើទុកជា​ពួក​ជី​ហាត​អ៊ីស្លាម​ចាញ់ នាំគ្នា​រត់​ចេញពី​ក្រុង​នេះ មុន នឹង​ចេញ ពួកនេះ ច្បាស់​ជា​កប់​គ្រាប់បែក ទុកជា​អនុស្សាវរីយ​មិន​ខាន​ទេ​។ ដូច្នេះ កងទ័ព​អ៊ីរ៉ាក់​ដែល​បាន​ជោគជ័យ ក៏​មិន​ប្រាកដ ថា​រួច​ជីវិត​ដែរ​។​

​វត្តមាន​របស់​អ៊ីរ៉ង់ ក្នុង​កងទ័ព​អ៊ីរ៉ាក់ អាចធ្វើ​ឲ្យ​គេ​យល់ថា សង្គ្រាម​ជាមួយ​ពួក​ជី​ហាត​អ៊ីស្លាម ក្លាយជា​សង្គ្រាម​រវាង​ពួក ឈី​អ៊ី​ត និង​ពួក​ស៊ុ​នី​ត​៖
​កងកម្លាំង​អ៊ីរ៉ាក់​បច្ចុប្បន្ននេះ មិនមែន​សុទ្ធសឹង​ជា​កងទ័ព​រដ្ឋាភិបាល ទេ គឺមាន​ការចូលរួម ពី​កងកម្លាំង​ច្រើន មាន​ទាំង​ក្រុម​អ៊ីស្លាម​និកាយ​ឈី​អ៊ី​ត និង​និកាយ​ស៊ុ​នី​ត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កងទ័ព​អ៊ីរ៉ាក់ ថែមទាំង​មាន​ជំនួយ ពី​ក្រុម​អ្នកជំនាញ​យោធា មកពី​អ៊ីរ៉ង់​ទៀតផង​។ ក្រសួងការពារជាតិ​អាមេរិក បាន​សម្តែង​ការព្រួយបារម្ភ ចំពោះ​វត្តមាន របស់​ជំនាញការ​យោធា​អ៊ីរ៉ង់ នៅក្នុង​ជួ​រង​ទ័ព​អ៊ីរ៉ាក់​។ តើ​ហេតុអ្វី​ទៅ បានជា​បារម្ភ ព្រោះថា អ៊ីរ៉ង​មក​ចូលរួម​ដើម្បី​វាយកម្ទេច ពួក​ជី​ហាត​រដ្ឋ​អ៊ីស្លាម ទេតើ​?

​យើង​អាច​យល់បាន​ថា អាមេរិក​បារម្ភ​ខ្លាច​ថា សង្គ្រាម​រវាង កង​ទ​ព័​អ៊ីរ៉ាក់ ជាមួយ​ពួក​ជី​ហាត​រដ្ឋ​អ៊ីស្លាម ក្លាយជា​សង្គ្រាម​រវាង​និកាយ សាសនា​អ៊ីស្លាម ទាំងពីរ គឺ​ក្រុម​ឈី​អ៊ី​ត និង​ក្រុម​ស៊ុ​នី​ត​។ អាមេរិក ក៏ដូចជា​បណ្តា​ប្រទេស​ធំៗ មានបារាំង អាល្លឺម៉ង់ អង់គ្លេស ជាដើម អំពាវនាវ នឹង​ខំប្រឹង​ប្រយុទ្ធ​ដើម្បី​កម្ទេច ក្រុម​ជី​ហាត​អ៊ីស្លាម​ជ្រុលនិយម មិនមែន​ដោយសារ​ពួកនេះ ជា​ពួក​អ៊ីស្លាម​និកាយ​ស៊ុ​នី​ត​ទេ​។ គេ​មិន​ខ្វល់​ថា​នរណា និកាយ​ស្អី​ទេ សំខាន់ គឺ​ពួក​ជី​ហាត​រដ្ឋ​អ៊ីស្លាម​នេះ វា​សាហាវព្រៃផ្សៃ សម្លាប់​មនុស្ស​គ្មាន ប្រណី មិន​ថា​ជនជាតិ​ដទៃ រឺក៏​អ្នក​កាន់សាសនា​អ៊ីស្លាម​គ្នា​វា​ទេ​។​

​ប៉ុន្តែ នៅក្នុង​ផ្ទៃក្នុង​សាសនា​អ៊ីស្លាម​ទាំងមូល និកាយ​ទាំងពីរ​នេះ ប្រខាំ​គ្នា​សម្បើម​ណាស់​។ នរណា​ក៏​ដឹង​ដែរ ថា​អ៊ីរ៉ង់​ជា​មេក្រុម​អ៊ីស្លាម​ឈី​អ៊ី​ត​។ យ៉ាងណាមិញ​ដើមហេតុ ដែល​បណ្តាល​ឲ្យ​អ៊ីរ៉ាក់ ធ្លាក់ចូល​ភ្លើងសង្គ្រាម ជាមួយ​ពួក​ជី​ហាត​រដ្ឋ​អ៊ីស្លាម ក៏​មួយផ្នែកធំ ដោយសារតែ​រដ្ឋាភិបាល​អ៊ីរ៉ាក់ របស់​អតីត​នាយករដ្ឋមន្ត្រី លោក អាល់​ម៉ាលី​គី វា​លម្អៀង​ទៅខាង​ពួក​ឈី​អ៊ី​ត​ពេក​។ ដូច្នេះហើយ ទើប​ពួក​ស៊ុ​នី​ត នៅ​អ៊ីរ៉ាក់ មួយចំនួនធំ នាំគ្នា​ចូល​ដៃ ជាមួយ​ពួក​ជី​ហាត​ជ្រុលនិយម ព្រោះថា ពួកនេះ វា​ក៏​កាន់​និកាយ​ស៊ុ​នី​ត​ដែរ​។ ពួកនេះ ធ្វើសង្គ្រាម​យ៉ាង​ពេញមុខ​តែម្តង ជាមួយ​កងទ័ព​រដ្ឋាភិបាល អ៊ីរ៉ាក់ ដែល​ប្រកាន់​និយាយ​ឈី​អ៊ី​ត​។​

​ប៉ុន្តែ​កន្លងមក ខាង​រដ្ឋាភិបាល​អ៊ីរ៉ាក់ បានទទួល​ការគាំទ្រ ពី​ក្រុម​ស៊ុ​នី​ត ខ្លះៗ​ដែរ ព្រោះថា​មាន​មួយចំនួន ថ្វីត្បិតតែ​គេ ស៊ុ​នី​ត​មែន តែ​គេ​មិន​គាំទ្រ​នឹង​នយោបាយ​ព្រៃផ្សៃ សាហាវយង់ឃ្នង របស់​ពួក​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ទេ​។ ដូច្នេះហើយ បានជា​ពួកគេ មក​ចូលរួម​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដើម្បី កម្ទេច​ពួកនេះ​។ ប៉ុន្តែ​មិនមែន​មានន័យថា ក្រុម​ស៊ុ​នី​ត ទាំងនេះ មិន​ស្អប់​ក្រុម​ឈី​អ៊ី​ត​ទេ​។​

​ឥឡូវនេះ មាន​អ៊ីរ៉ង់ មក​ចូលរួម​ក្នុង​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ វា​អាច ធ្វើ​ឲ្យ​ក្រុម​ស៊ុ​នី​ត ដែល​នៅក្នុង​នឹង​ដែរ យល់ថា អ៊ីរ៉ង់ និង​អ៊ីរ៉ាក់ ដែល​សុទ្ធសឹង ជា​ពួក​ឈី​អ៊ី​ត​ដូចគ្នា គេ​ធ្វើការ​ពួតដៃគ្នា វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​ស៊ុ​នី​ត​។ កន្លងមក ចំនុចក្តៅ​នៅ​តំបន់​នេះ គឺ​ដោយសារតែ​ពួក អ៊ីស្លាម​ស៊ុ​នី​ត ចេះតែ​បារម្ភ​ថា អ៊ីរ៉ង់​ចង់​ពង្រីក​ឥទ្ធិពល​ឈី​អ៊ី​ត​របស់ខ្លួន នៅក្នុង​តំបន់​។ ដូច្នេះ ការបារម្ភ​របស់​អាមេរិក ត្រឹមត្រូវ​ម្យ៉ាងដែរ ព្រោះថា វត្តមាន​របស់​អ៊ីរ៉ង់ ក្នុង​កងទ័ព​អ៊ីរ៉ាក់ អាច​ជំរុញ​ក្រុម​ស៊ុ​នី​ត ដែល​ជួយ​ច្បាំង​ខាង​រដ្ឋាភិបាល​អ៊ីរ៉ាក់ បាក់​ទឹកចិត្ត លែង​តស៊ូ​ប្រយុទ្ធ​តទៅទៀត ហើយ​ថា​មិនត្រូវ គេ​អាច​ងៀក​ទៅ គាំទ្រ​ក្រុម​ស៊ុ​នី​ត​គ្នា​គេ ក៏​ថា​បាន​។​

​ស៊ុ​នី​ត​ក៏ដោយ ឈី​អ៊ី​ត​ក៏ដោយ ត្រូវ​ចាប់ដៃគ្នា កម្ទេច​ពួក​ជី​ហាត​រដ្ឋ​អ៊ីស្លាម​៖
​ជម្លោះ​និកាយ​សាសនា​អ៊ីស្លាម​ទាំងពីរ​នេះ មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់ ប៉ុន្តែ​អ្វី​ដែលជា​ដំណោះស្រាយ​បន្ទាន់​គឺ ធ្វើ​យាង​ណា បោសសម្អាត​ពួក​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ឲ្យ​អស់​។ បញ្ហា​នេះ ជា​កិត្តិយស​របស់​សាសនា​អ៊ីស្លាម​ទាំងមូល​។ បើ​យើង​វិភាគ​ឲ្យ​ដិតដល់​ទៅ ក្រុម​ជី​ហាត​អ៊ីស្លាម​ជ្រុលនិយម​នេះ ជា ក្រុម​ដែល​ព្រៃផ្សៃ ជាង​សត្វ​តិ​រិ​ច្ឆា​ន​ទៅទៀត​។ កុំថាឡើយ អ្នក​កាន់សាសនា​អ៊ីស្លាម​ទូទៅ សូម្បីតែ ពួក​អ៊ីស្លាម​និកាយ​ស៊ុ​នី​ត មួយចំនួន ក៏​គ្មាន​នរណា គាំទ្រ​ពួក​ជី​ហាត​ជ្រុលនិយម​នេះដែរ​។ ដូច្នេះ គេ​គួរ​ទុក​បញ្ហា​និកាយ ស៊ុ​នី​ត និកាយ​ឈី​អ៊ី​ត មួយ​ឡែក ហើយ​ងៀក​មក​ពួតដៃគ្នា កម្ទេច​ពួក​ជី​ហាត​អ៊ីស្លាម​នេះ​ឲ្យ​អស់​៕
2015-03-10T2