បាងកក ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសថៃបានដកហូតលិខិតឆ្លងដែនរបស់នាយករដ្ឋមន្ត្រីដែលត្រូវបណ្តេញចេញគឺលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រាដែលមិនទាន់បានចេញជាសាធារណៈចាប់តាំងពីលោកស្រីបានចាកចេញពីប្រទេសកាលពី២ខែកន្លងទៅមុនថ្ងៃវិនិច្ឆ័យនៅក្នុងការជំនុំជម្រះក្តីករណីធ្វេសប្រហែសរបស់លោកស្រី។
អតីតនាយករដ្ឋមន្ត្រីរូបនេះដែលរដ្ឋាភិបាលជាប់ឆ្នោតរបស់ខ្លួនត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារឆ្នាំ២០១៤គឺត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកាលពីខែមុនចំពោះការខកខានមិនបានបញ្ឈប់អំពើពុករលួយនៅក្នុងគោលនយោបាយស្រូវអង្ករ។
សាលក្រមនោះត្រូវបានអ្នកគាំទ្ររបស់លោកស្រីយីងឡាក់រិះគន់ថាជាកិច្ចខិតខំប្រឹងប្រែងរបស់របបយោធាដើម្បីបញ្ជៀសលោកស្រីឲ្យចេញពីឆាកនយោបាយថៃសម្រាប់ផលប្រយោជន៍។
រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកកកាលពីថ្ងៃអង្គារថា “លិខិតឆ្លងដែនទាំងអស់របស់លោកស្រីយីងឡាក់ត្រូវបានដកហូតនៅពេលនេះ។ យើងមិនដឹងពីកន្លែងលាក់ខ្លួនរបស់នាងទេ មានតែរបាយការណ៍ប៉ុណ្ណោះដែលថានាងស្ថិតនៅចក្រភពអង់គ្លេសប៉ុន្តែមិនច្បាស់ថាតើទីក្រុងមួយណានោះទេ”។
អាជ្ញាធរថៃបាននិយាយថា លោកស្រីយីងឡាក់មានលិខិតឆ្លងដែនថៃចំនួន៤ដែលពីរជារបស់ផ្ទាល់ខ្លួននិងពីរទៀតជារបស់ការទូត។
ទន្ទឹមនោះ អនុប្រធានប៉ូលិសថៃលោក Srivara Ransibrahmanakul បាននិយាយថា អាជ្ញាធរនៅតែកំពុងធ្វើការដើម្បីបញ្ជាក់ពីទីតាំងអតីតនាយករដ្ឋមន្ត្រីរូបនេះខណៈដែលពួកគេស្វែងរកការធ្វើបត្យាប័នរបស់នាង។ ប៉ុន្តែគាត់បាននិយាយថា មិនមានប្រទេសណាមួយបានឆ្លើយតបហើយបាននិយាយថា ពួកគេបានឃើញលោកស្រីយីងឡាក់នោះទេ។
គួរបញ្ជាក់ថា លោកស្រីយីងឡាក់ដែលធ្លាប់មានសកម្មភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុន្តែបានស្ងៀមស្ងាត់ចាប់តាំងពីនាងបានភៀសខ្លួននោះគឺជាបុគ្គលចុងក្រោយបង្អស់មកពីក្រុមគ្រួសារនយោបាយដ៏ខ្លាំងក្លារបស់លោកស្រីដែលបានក្លាយទៅជាជនរងគ្រោះនៃរបបយោធានិងតុលាការរបស់ប្រទេសថៃ៕