កូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានរិះគន់ចក្រភពអង់គ្លេសចំពោះការចោទប្រកាន់ថា ខ្លួនកំពុងស្ថិតនៅពីក្រោយការវាយប្រហារជំរិតទារប្រាក់តាមអ៊ីនធឺណិតជាសកលមួយដែលវាយប្រហារទៅលើសេវាសុខាភិបាលជាតិហើយហៅការចោទប្រកាន់នេះថាជា “ការប៉ុនប៉ងអាក្រក់” ដើម្បីរឹតបន្តឹងទណ្ឌកម្មអន្តរជាតិបន្ថែមទៀតប្រឆាំងនឹងក្រុងព្យុងយ៉ាង។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា មួយភាគបីនៃមន្ទីរពេទ្យសាធារណៈរបស់ចក្រភពអង់គ្លេសគឺត្រូវបានរងផលប៉ះពាល់ដោយមេរោគ WannaCry កាលពីខែឧសភា។កុំព្យូទ័ររហូតដល់ទៅ៣០០,០០០គ្រឿងនៅ១៥០ប្រទេសត្រូវបានរងការវាយប្រហារដោយមេរោគ WannaCry ដែលបានរឹបអូសប្រព័ន្ធនិងទាមទារការបង់ប្រាក់ជា Bitcoin ដើម្បីប្រគល់ការគ្រប់គ្រងដល់អ្នកប្រើប្រាស់វិញ។
អ្នកស្រាវជ្រាវមួយចំនួនបានចង្អុលទៅទីក្រុងព្យុងយ៉ាងដោយនិយាយថា កូដដែលប្រើគឺស្រដៀងគ្នានឹងការ Hack កាលពីអតីតកាលដែលស្តីបន្ទោសទៅលើរបបរបស់លោកគីមជុងអ៊ុន។
រដ្ឋមន្ត្រីក្រសួងសន្តិសុខអង់គ្លេសលោក Ben Wallace បានប្រាប់ BBC កាលពីសប្តាហ៍មុនថា ក្រុងឡុងដ៍គឺប្រាកដណាស់ថាកូរ៉េខាងជើងគឺជាអ្នកទទួលខុសត្រូវ។ប៉ុន្តែអ្នកនាំពាក្យសមាគមកូរ៉េ-អឺរ៉ុបរបស់កូរ៉េខាងជើងបានបដិសេធការចោទប្រកាន់នេះហើយបានព្រមានអង់គ្លេសប្រឆាំងនឹងការប៉ាន់ស្មានដោយគ្មានមូលដ្ឋាន។
អ្នកនាំពាក្យបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងកាលពីល្ងាចថ្ងៃចន្ទថា “នេះគឺជាទង្វើហួសពីកម្រិតនៃការអត់ឱនរបស់យើងហើយវាធ្វើឲ្យយើងចោទសួរអំពីគោលបំណងពិតប្រាកដនៅពីក្រោយទង្វើរបស់ចក្រភពអង់គ្លេស”។
អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា “សកម្មភាពរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសក្នុងការភ្ជាប់កូរ៉េខាងជើងជាមួយនឹងការវាយប្រហារតាមអ៊ីនធឺណិតគឺមិនអាចត្រូវបានបកស្រាយតាមវិធីណាផ្សេងទៀតទេក្រៅពីការប៉ុនប៉ងដ៏អាក្រក់ដើម្បីទាក់ទាញសហគមន៍អន្តរជាតិមិនឲ្យទុកចិត្តកាន់តែខ្លាំងចំពោះកូរ៉េខាងជើង”។
យោងទៅតាមរដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញថា កូរ៉េខាងជើងមានអង្គភាពបណ្តុះបណ្តាលឯកទេសវាយប្រហារតាមអ៊ីនធឺណិតមួយដែលមានសមាជិកចំនួន៦,៨០០នាក់។ វាត្រូវបានគេចោទប្រកាន់ថាបើកការវាយប្រហារបណ្តាញអ៊ីនធឺណិតមានឥទ្ធិពលខ្ពស់រួមទាំងការ Hack ក្រុមហ៊ុន Sony Pictures ក្នុងឆ្នាំ២០១៤ផងដែរ៕