ញូវយ៉ក ៖ អាជ្ញាធរអាមេរិកនិយាយថា មនុស្សចំនួន៨នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួសនៅហេតុការណ៍រថយន្តមួយគ្រឿងបើកចូលទៅខាងផ្លូវសម្រាប់អ្នកជិះកង់នៅក្នុងបុរីញូវយ៉កសហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃអង្គារ ខណៈដែលប៉ូលិសបានចាត់ទុកគ្រោះថ្នាក់នេះថា ជាការវាយប្រហារភេរវកម្ម។
មន្ត្រីប៉ូលិសមូលដ្ឋានបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតថា អ្នកបើកបរដែលមានអាយុ២៩ឆ្នាំនេះត្រូវបានប៉ូលិសបាញ់ត្រូវពោះ និងបញ្ជូនទៅឃុំខ្លួនក្រោយពីបុរសរូបនេះបានបើករថយន្តបំបុករថយន្តក្រុងរបស់សាលារៀនមួយគ្រឿងនិងបានរត់គេចពីរថយន្តរបស់ខ្លួន។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃសហរដ្ឋសហរដ្ឋអាមេរិកបានហៅគ្រោះថ្នាក់នេះថា ជាអំពើភេរវកម្មយ៉ាងពិតប្រាកដ ហើយការវាយប្រហារនេះបានធ្វើឲ្យគេនឹកឃើញដល់ការវាយប្រហារស្រដៀងគ្នានេះដែលបានកើតឡើងជាបន្តបន្ទាប់នៅតំបន់អឺរ៉ុបកាលពីឆ្នាំមុន។
លោក អានឌ្រូ គ្យូម៉ូ (Andrew Cuomo) អភិបាលក្រុងញូវយ៉កបាននិយាយថា ជនសង្ស័យទំនងជាធ្វើអំពើនេះតែម្នាក់ឯង ហើយថា អាមេរិកនឹងមិនខ្លាចញញើតចំពោះការវាយប្រហារបែបនេះទេ។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យបានបើករថយន្តចូលទៅផ្លូវសម្រាប់អ្នកជិះកង់នៅតំបន់សេដ្ឋកិច្ចម៉ាន់ហាតាន់ក្រោមកាលពីម៉ោង៣រសៀលថ្ងៃម្សិលមិញ ហើយថា បុរសនេះបានកាន់កាំភ្លើងបាញ់សត្វផងដែរ។
ហើយនៅពេលជនសង្ស័យបានបើករថយន្តបំបុករថយន្តរបស់សាលារៀន វាបានធ្វើឲ្យក្មេងចំនួន២នាក់និងយុវជន២នាក់ទៀតរងរបួស។
មន្ត្រីប៉ូលិសបាននិយាយថា ជនសង្ស័យបានជួលរថយន្តគេជិះ ប៉ុន្តែមិនបានដឹងថា បានជួលពេលណានោះទេ ហើយជនសង្ស័យបានធ្វើដំណើរមកពីប្រទេសអ៊ូសបេគីស្ថានស្ថិតនៅតំបន់អាស៊ីកណ្ដាល ហើយបុរសនេះបានចូលទៅដល់ទឹកដីសហរដ្ឋអាមេរិកនៅឆ្នាំ២០១០។
ក្នុងចំណោមអ្នកស្លាប់ទាំង៨នាក់គឺចំនួន៦នាក់បានស្លាប់នៅកន្លែងកើតហេតុ ហើយចំនួន២នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ហើយការវាយប្រហារនេះក៏បានធ្វើឲ្យមនុស្សយ៉ាងតិច១១នាក់ទៀតរងរបួសផងដែរ៕