អាមេរិក ៖ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារនៅព្រះវិហារគ្រឹស្តមួយកន្លែង (Sutherland Springs) នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យត្រូវបានបាញ់សម្លាប់ ក្រោយពីប៉ូលិសបានដេញតាមនៅពេលជនល្មើសបានរត់ចូលទៅក្នុងស្រុកមួយនៅជាប់នឹងតំបន់កើតហេតុនេះ។
មន្ត្រីមូលដ្ឋានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា មនុស្សយ៉ាងតិច២៦នាក់ត្រូវបានសម្លាប់ ហើយជាង២០នាក់ទៀតបានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនេះ។ ប៉ូលិសបានបញ្ជាក់ថា ស៊ូឌឺឡេនស្ព្រីងគឺជាសហគមន៍មួយដែលមានប្រជាពលរដ្ឋរស់នៅទីនោះប្រហែល៤០០នាក់ ហើយស្ថិតនៅចម្ងាយប្រហែល៤៨គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៅទីក្រុងសានអង់តូនីញ៉ូ (San Antonio) រដ្ឋតិចសាស់សហរដ្ឋអាមេរិក។ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថា តើជនល្មើសបានស្លាប់ដោយសារប៉ូលិសបាញ់ប្រហារ ឬក៏ស្លាប់ដោយសារការធ្វើអត្តឃាតនោះទេ។
មន្ត្រីប៉ូលិសបាននិយាយថា បុរសម្នាក់បានដើរចូលទៅក្នុងព្រះវិហារមួយកន្លែងនៅតំបន់ស៊ូឌឺឡេនស្ព្រីង ទោះបីយ៉ាងណារហូតមកដល់ពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ ខណៈមន្ត្រីពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេតនៅឡើយ៕