ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ៣នាក់ទៀតហើយ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ខណៈចូលទៅកាប់ឈើគ្រញូង ក្នុងតំបន់នួនកិនដែងកាលពីថ្ងៃទី៤ វិច្ឆិកា ស្ថិតក្នុងខេត្តបុរីរ៉ាំ ប្រទេសថៃ ។
តាមព័ត៌មានបានឱ្យដឹងថា ពលរដ្ឋខ្មែរទាំង៣នាក់ត្រូវបានកម្លាំងសមត្តកិច្ចថៃចាប់ខ្លួន ខណៈពេលដែលលួចកាប់ឈើគ្រញូងនៅក្នុងតំបន់នួនកិនដែង ដែលឈមនឹងខេត្តឧត្តរមានជ័យ ហើយពេលចាប់ក៏មានឈើគ្រញូងជាច្រើនដុំ និងរណារដៃធំ១គ្រឿងសម្រាប់លួចកាត់ឈើគ្រញូងផងដែរ ។ ប្រភពដដែលបានបញ្ជាក់ពលករខ្មែរទាំង៣នាក់ ទី១-ឈ្មោះសាំង ជា ទី២-ជា ចួន ទី៣-រួម រើត។
គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា បញ្ហាច្រករបៀងខុសច្បាប់ត្រូវតែបិទឱ្យអស់ មិនឱ្យមានបើសិនមានអ្នកដែលទទួលខុសត្រូវ គឺកម្លាំងនគរបាលការពារព្រំដែនគោក និងយោធាការពារព្រំដែន ។ បញ្ហាច្រករបៀងខុសច្បាប់តែងកើតមាន ដោយសារកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន បានលួចបើកឃុបឃឹតជាមួយមេខ្យល់ នាំពលរដ្ឋខ្មែរលួចចូលកាប់ឈើប្រទេសជិតខាងដោយខុសច្បាប់ ។
រឿងពលរដ្ឋខ្មែរលួចឆ្លងដែនទៅកាប់គ្រញូងក្នុងទឹកដីថៃ ជារឿងចាស់ដដែល នៅដដែល មិនអាចលុបបំបាត់បានឡើយ ទោះបីត្រូវថៃបាញ់ស្លាប់និងរបួសរាប់មិនអស់ និងចាប់ដាក់ច្រវាក់ ដាក់គុកជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ រឿងពិតនោះគឺ វាមានអ្នកប្រគល់ប្រាក់ឱ្យទៅកាប់ និងអ្នកចាំទិញ ។ សុទ្ធតែជារឿងផលប្រយោជន៍ ទាំងអ្នកបើកផ្លូវ ទាំងអ្នកធ្វើចោរ និងទាំងអ្នកចាំទិញផលចោរកម្ម ៕