វាយប្រហារ​ស្ថានីយទូរទស្សន៍​មួយ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្លាប់​មនុស្ស​៥​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2017 ក+ ក-

​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្រុមមន្ត្រី​មូលដ្ឋាន​បាន​និយាយថា មនុស្ស​យ៉ាងតិច​៥​នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​អ្នក​វាយប្រហារ​ចំនួន​២​នាក់ និង​ចំនួន​២១​នាក់​ទៀត​បាន​រងរបួស​ក្នុងការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​ស្ថានីយទូរទស្សន៍​សាម​សាដ (Shamshad) នៅក្នុង​ទីក្រុង​កា​ប៊ូល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​នៅពេល​ក្រុម​ភេរ​វករ​ចំនួន​២​នាក់​បាន​វាយប្រហារ​ស្ថានីយទូរទស្សន៍​នេះ​ដោយ​ចោល​គ្រឿងផ្ទុះ​នៅ​ច្រកចូល​ស្ថានីយ​បន្ទាប់មក​ដើរចូល​ក្នុង​អគារ​ការិយាល័យ​ក្នុង​ម៉ោង​ធ្វើ​ការធ្វើ​ឲ្យ​បុគ្គលិក​មួយចំនួន​វាយ​កញ្ចក់​លោត​តាម​បង្អួច​គេច​ពី​គ្រោះថ្នាក់​នេះ​។​
​ក្រោយមក អ្នក​វាយប្រហារ​បាន​ក្លែងខ្លួន​ជា​មន្ត្រីប៉ូលិស​ចូល​ជ្រក​ក្នុង​អគារ​មួយ​នៅក្នុង​ស្ថានីយ៍​នេះ ហើយក៏​មានការ​ប៉ះទង្គិច​គ្នា​រវាង​អ្នក​វាយប្រហារ​និង​កងកម្លាំង​ពិសេស​ដែល​បាន​ទៅដល់​ទីនោះ​ក្រោយពី​កើតហេតុ​ដោយបាន​បាញ់សម្លាប់​អ្នក​វាយប្រហារ​ទាំង​២​នាក់​នេះ​នៅ​កន្លែងកើតហេតុ​។​
​គណៈកម្មាធិការ​សុវត្ថិភាព​អ្នកកាសែត​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នកកាសែត​តែង​រង​ការវាយប្រហារ​ពី​ក្រុម​បះបោរ​ដោយ​គ្រាន់តែ​រយៈពេល​៦​ខែ​ដំបូង​ក្នុងឆ្នាំនេះ​គឺមាន​បុគ្គលិក​ផ្នែក​ព័ត៌មាន​និង​អ្នកកាសែត​ចំនួន​១០​នាក់​ត្រូវបាន​សម្លាប់​នៅ​ប្រទេស​នេះ​៕