កូរ៉េខាងត្បូង ៖ ស្ត្រីអ្នកនាំពាក្យម្នាក់បាននិយាយថា ដំណើរបំពេញទស្សនកិច្ចដែលមិនបានប្រកាសជាមុនរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់តំបន់គ្មានយោធាក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះត្រូវបានខកខានដោយសារតែអាកាសធាតុមិនអំណោយផល។ ដំណើរបំពេញទស្សនកិច្ចដែលខកខាននេះបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានជំរុញឲ្យប្រទេសកូរ៉េខាងជើងងាកមករកតុចរចាវិញ។
ស្ត្រីអ្នកនាំពាក្យបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) ក៏បានធ្វើដំណើរទៅកាន់តំបន់គ្មានយោធានោះជាមួយលោក ត្រាំ ផងដែរ ប៉ុន្តែដោយសារតែមានការចុះអ័ព្ទខ្លាំងទើបបង្ខំឲ្យវិលត្រឡប់មកវិញ។
សូមបញ្ជាក់ថា ថ្ងៃពុធនេះគឺជាថ្ងៃចុងក្រោយនៃដំណើរបំពេញទស្សនកិច្ចរបស់លោក ត្រាំ នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាផ្នែកមួយនៃដំណើរបំពេញទស្សនកិច្ចរយៈពេល១២ថ្ងៃរបស់លោកនៅក្នុងតំបន់អាស៊ីដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម និងបញ្ហាប្រទេសកូរ៉េខាងជើង៕