ប៉ូលិស​កូ​ឡុំ​ប៊ី​រឹបអូស​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន​ជាង​១២​តោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2017 ក+ ក-

​កូ​ឡុំ​ប៊ី ៖ ប្រធានាធិបតី​កូ​ឡុំ​ប៊ី​លោក ចូ​ន ម៉ា​នុយ​អែល សាន​តូ​ស (Juan Manuel Santos) បាន​និយាយថា ប៉ូលិស​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន​ជាង​១២​តោន​ពី​ក្រុម​ឧក្រិដ្ឋកម្ម​កំពូល​របស់​ប្រទេស​កូ​ឡុំ​ប៊ី ដែល​នេះ​គឺជា​ការ​រឹបអូស​បាន​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ការជួញដូរ​ថ្នាំញៀន​នៅក្នុង​ប្រទេស​នេះ​។​
​ថ្នាំញៀន​ប្រភេទ​កូកាអ៊ីន​ទាំងនោះ​ត្រូវបាន​រកឃើញ​លាក់ទុក​ក្រោម​ដី​នៅក្នុង​កសិដ្ឋាន​ចំនួន​៤​ដែល​ស្ថិតនៅ​ជិត​ព្រំដែន​ប្រទេស​កូ​ឡុំ​ប៊ី​ជាមួយ​ប្រទេស​ប៉ា​ណា​ម៉ា ហើយ​ត្រូវបាន​ប្រធានាធិបតី​កូ​ឡុំ​ប៊ី​ប៉ាន់​ស្មានថា​មានតម្លៃ​ប្រហែល​៣៦០​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ទីផ្សារ​អាមេរិក​។​
​លោក សាន​តូ​ស (Santos) បាន​និយាយថា ថ្នាំញៀន​កូកាអ៊ីន​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​ឧក្រិដ្ឋកម្ម​ជួញដូរ​ថ្នាំញៀន​មួយក្រុម​ដែល​បានក្លាយ​ជាការ​គំរាមកំហែង​ធំ​បំផុត​មួយ​ទៅដល់​សន្តិសុខ​ក្នុង​តំបន់ ចាប់តាំងពី​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ហ្វា​ស់ (FARC) កាលពី​ឆ្នាំមុន​មក​។​
​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​, មនុស្ស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​ក្នុងអំឡុង​ប្រតិបត្តិការ​រយៈពេល​៣​ថ្ងៃ​ដែល​ឈានទៅដល់​ការ​រឹបអូស​ថ្នាំញៀន​នេះ​៕