ខេត្តកណ្តាល ៖ កម្លាំងនគរបាលខេត្តសហការជាមួយកម្លាំងនគរបាលស្រុកស្អាងកាលពីម្សិលមិញបានចុះឆែកឆេរផ្ទះធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតមួយកន្លែងដែលសង្ស័យទទួលទិញផលចោរកម្ម។ ផ្ទះដែលសមត្ថកិច្ចចុះឆែកឆេរនោះជារបស់ឈ្មោះ ជ្រូ គីមស្រ៊ី ភេទប្រុស អាយុ៣៣ឆ្នាំ ស្ថិតក្នុងភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជ្រូ គីមស្រ៊ី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចក៏បានដកហូតម៉ូតូចំនួន២៦គ្រឿង រួមមាន ៖ ម៉ូតូម៉ាកហុងដាសេ៩០ ជ្រុងចំនួន ០១គ្រឿង២-ម៉ាក ស៊ុយស៊ីគីស្មាស់ ចំនួន ០៤គ្រឿង៣-ម៉ាក ហុងដា អ៊ែ ប្លេត ចំនួន ០១គ្រឿង៤-ម៉ាក ហុងដា ស្កូពី ចំនួន ០១គ្រឿង ៥-ម៉ាក ហុងដា MSX ចំនួន ០១គ្រឿង៦-ម៉ាក ហុងដា សេ៥០ ចំនួន ០៤គ្រឿង៧-ម៉ាក ហុងដា សេ១២៥ ចំនួន ០២គ្រឿង៨-ម៉ាក ស៊ុយ ស៊ីគីណូវ៉ូ ចំនួន ០១ គ្រឿង៩-ម៉ាក ហុងដា អាយខុន ចំនួន ០១គ្រឿង១០-ម៉ាក យ៉ាម៉ាហា ចំនួន ០១គ្រឿង១១-ម៉ាក ស៊ុយ ស៊ីគីវីវ៉ា ចំនួន ០១គ្រឿង១២-ម៉ាក ហុងដា សេ៩០ មូល ចំនួន ០២គ្រឿង១៣-ម៉ាក ហុងដា STR ចំនួន ០១គ្រឿង១៤-ម៉ាក ហុងដា វ៉េង ចំនួន ០១គ្រឿង១៥-ម៉ាក សេ១០០ កូរ៉េ ចំនួន ០២គ្រឿង១៦-ម៉ាក ហុងដា សេ៧០ ចំនួន ០១គ្រឿង១៧-ម៉ាក ហុងដា សេ៩០ ចំនួន០១គ្រឿង ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ជ្រូ គីមស្រ៊ី បានឆ្លើយសារភាពថា ខ្លួនទទួលទិញម៉ូតូគ្រប់ប្រភេទដូចខាងលើនេះ ក្នុងតម្លៃ ២០០,០០០រៀល (ម្ភៃម៉ឺនរៀល) ទៅ ១០០,០០០០រៀល (មួយលានរៀល) ក្នុង០១គ្រឿង ទៅតាមប្រភេទម៉ូតូ ដោយគ្រាន់តែធ្វើលិខិត ទិញលក់តែប៉ុណ្ណោះ។ ហើយបើហួសកំណត់តាមកិច្ចសន្យាគឺខ្លួននឹងលក់ម៉ូតូនេះបន្តទៀត ។ ឈ្មោះ ជ្រូ គីមស្រ៊ី ក៏បានអះអាងបន្តថា-ខ្លួនពិតជាមិនមានច្បាប់អនុញ្ញាត្តឲ្យប្រកមុខរបរអាជីវកម្ម នេះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងនាំមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការខេត្តកណ្តាល ៕